Sunday, January 17, 2016

មួយ​ជំហាន​បន្ទាប់​បច្ចុប្បន្ន

តើ​អ្នក​បាន​រៀបចំ​ផែនការ​ជីវិត​បាន​យ៉ាងណា​ទៅ​ហើយ? តើ​អ្នក​ធ្លាប់គិត​ថា​នឹង​ចង់​ធ្វើ​អ្វី? តើ​អ្នក​ចង់​រៀន​អ្វី​បន្ថែម​ទៀត​ទេ? តើ​អ្នក​មាន​គម្រោង​អ្វី​ខ្លះ​ក្នុង​ជីវិត? សំណួរ​ទាំង​អស់​នេះ​គឺ​ជា​សំណួរ​ដ៏​សែន​ពិបាក​ឆ្លើយ​ចំពោះ​មនុស្ស​ស្ទើរ​តែ​គ្រប់​គ្នា។ ពេលយើង​នៅ​ក្មេង​នៅ​ឡើយ យើង​ដឹង​តែ​រឿង​ម្យ៉ាង​គត់​គឺ​ភាព​សប្បាយ​នៅ​ក្នុង​ជីវិត។ ក្រៅ​ពី​នេះ​គឺ​ការ​ទៅ​រៀន​នៅ​សាលា។ ពេល​នោះ​យើង​គ្មាន​គំនិត​អ្វី​ដែល​នឹង​គិត​ដល់​ការ​អភិវឌ្ឍ​ខ្លួន និង​រៀបចំ​ផែនការ​ជីវិត​នោះ​ទេ។ យើង​ហ៊ាន​ធ្វើ​អ្វី​ដែល​យើង​ចង់ យើង​យំ​ព្រោះ​ប៉ាម៉ាក់​មិន​ទិញ​អ្វី​មួយ​ឲ្យ យើង​មិន​ខ្វល់​ចំពោះ​ក្មេងៗ​ដទៃ​ដែល​ធូរធារ​និង​មាន​របស់របរ​ប្រើ​ច្រើន​ជាង ​យើង អ្វី​ដែល​យើង​គិត​នោះ​គឺ «ធ្វើ​ម៉េច​ឲ្យ​ខ្លួន​ឯង​សប្បាយ»។ ប៉ុន្តែ​មក​ដល់​ពេល​ដែល​យើង​ចូល​វ័យ​ជំទង់ គំនិត​របស់​យើង​ក៏​ចាប់ផ្ដើមផ្លាស់​ប្ដូរ។ យើង​ចាប់​ផ្ដើម​ច្រណែន​នឹង​អ្នក​ដទៃ យើង​ចាប់ផ្ដើម​ខ្វល់ខ្វាយ​ច្រើន​អំពី​ការ​សិក្សា យើង​កាន់​តែ​វីវក់​នឹង​ការ​សប្បាយ​រីករាយ យើង​ចាប់ផ្ដើម​យល់​អំពី​ភាព​សប្បាយ​នឹង​របស់​ទំនើប របស់​ល្អ។ល។ ពេល​នោះ​ហើយ​ដែល​យើង​ចាប់​ផ្ដើម​ផ្លាស់ប្ដូរ​ទាំង​ឥរិយាបថ និង​គំនិត។ ប៉ុន្តែ​រឿង​ទាំង​នេះ​ក៏​អាស្រ័យ​ទៅ​នឹង​បរិយាកាស​គ្រួសារ​ដែរ។ រហូត​ ដល់​យុវវ័យ យើង​ក៏​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​កាន់​តែ​ខ្លាំង។ ហើយ​ពេល​នេះ​យើង​ម្នាក់ៗ​ក៏​ប្រែ​ក្លាយ​ខ្លួន​ជា​ប្រភេទ​មនុស្ស​ទីទៃ​ពី​ គ្នា ហើយ​យើង​ក៏​ចាប់​ផ្ដើម​ព្យាយាម​គិត​អំពី​បញ្ហា​ដែល​ក្រសោប​ជុំវិញ​ខ្លួន​ យើង។ ខ្លះ​ខ្វល់ខ្វាយ​ព្រោះ​បញ្ហា​គ្រួសារ ខ្លះ​ខ្វល់ខ្វាយ​អំពី​សម្ភារៈ​ទំនើបៗ ខ្លះ​ខ្វល់ខ្វាយ​អំពី​ការ​សិក្សា ខ្លះ​ចង់​បាន​អាហារូបករណ៍​ក្រៅ​ប្រទេស ខ្លះ​ខ្វល់ខ្វាយ​អំពី​ស្នេហា ខ្លះ​ខ្វល់ខ្វាយ​អំពី​អនាគត។ល។ នៅ​ពេល​នេះ​ហើយ​ដែល​យើង​ចាប់ផ្ដើម​ដឹង​ខ្លួន​ឯង​ជា​មនុស្ស​យ៉ាង​ណា ខ្សោយ​ត្រង់​ណា ពូកែ​ត្រង់ណា ហើយ​អាច​ធ្វើ​ឲ្យ​ខ្លួន​ឯង​សប្បាយ​បាន​ប៉ុណ្ណា។ តែ​ក៏​មិនមែន​ទាំង​អស់​នោះ​ទេ មាន​ខ្លះ​ក៏​នៅ​តែ​សប្បាយ​វីវក់ភ្លេច​ការ​រៀបចំ​ជីវិត​របស់​គេ​ឲ្យ​ ស្រស់​បំព្រង ឲ្យ​ប្រសើរ ហើយ​ខ្ជះខ្ជាយ​គ្រាប់​ពេជ្រ​ដ៏​មាន​តម្លៃ​ទៅ​ក្នុង​ភក់ ដែល​ពេជ្រ​នោះ​គឺ​ជា​ជីវិត​របស់​គេ។ ប្រសិន​​បើ​អ្នក​ភ្លេច​គិត​អំពី​ បញ្ហា​អនាគត ឬ​ជំហាន​បន្ទាប់​នៃ​ជីវិត​របស់​អ្នក​បច្ចុប្បន្ន អ្នក​គួរ​តែ​ចាប់​ផ្ដើម​គិត​ទៅ វា​អាច​នឹង​ហួស​ពេល​ចំពោះ​អ្នក​ខ្លះ តែ​បើ​អ្នក​មាន​សង្ឃឹម​ថា​មិន​ទាន់​ហួស​ពេល​នោះ​ទេ ត្រូវ​ចាប់​ផ្ដើម​វា​ឡើង។ អនាគត​របស់​អ្នក​ជាអ្វី? ពេល​នេះ យើង​កំពុង​ឈរ​នៅ​លើ​កំណាត់ផ្លូវ​ដ៏​វែងអន្លាយ​មួយ ដែល​មើល​ទៅ​មុខ​ដាច់​កន្ទុយ​ភ្នែក ហើយ​មើល​ទៅ​ក្រោយ​ក៏​ដូច​គ្នា។ តែ​គួរ​ចាំ​ថា​បើ​ទោះ​ផ្លូវ​ខាងក្រោយ​ខ្លី​ជាង​ផ្លូវ​ខាង​មុខ ប៉ុន្តែ​យើង​មិន​អាច​ថយ​ក្រោយ​មួយ​ជំហាន​ណា​ឡើយ។ ជីវិត​គឺ​ដូច​ទៅ​នឹង​ការ​ប្រណាំង​ប្រជែង​មួយ។ បើ​អ្នក​រត់​ទៅ​មុខ គឺ​រត់​ទៅ​មុខ ដើម្បី​ឲ្យ​ដល់​គោលដៅ ព្រោះ​គោល​ដៅ​របស់​អ្នក​គឺ​នៅ​ខាង​មុខ មិន​មែន​ខាង​ក្រោយ​នោះ​ទេ។ អ្នក​ស្ទើរ​តែ​មិន​អាច​ប្រើ​ផ្លូវ​កាត់​ណា​មួយ​ដ៏​ល្អ​សម្រាប់​ការ​ប្រណាំង​ ប្រជែង​ឡើយ ព្រោះ​អ្នក​ត្រូវ​ស្មោះត្រង់ គឺ​ស្មោះត្រង់​ចំពោះ​ខ្លួន​​ឯង។ គ្មាន​នរណា​ម្នាក់​អាច​សម្លឹង​មើល​ឃើញ​អនាគត​របស់​ខ្លួន​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​ម្នាក់ៗ​សុទ្ធ​តែ​មាន​គោល​បំណង​ក្នុង​ជីវិត​របស់​គេ។ អនាគត​វា​ប្រៀប​បាន​ដូច​ជា​លទ្ធផល​មួយ​ដែល​កើត​ចេញ​ពីសកម្មភាព​បច្ចុប្បន្ន​ របស់​អ្នក។ អ្នក​ឈរ​បាញ់​ព្រួញ​ឲ្យ​ចំ​គោលដៅ​ណា​មួយ តើ​អ្នក​ត្រូវ​ត្រៀម​ខ្លួន​អ្វី​ខ្លះ? នៅ​ពេល​ដែល​អ្នក​ចាប់​ផ្ដើម​ទាញ​បាញ់​និង​រៀបចំ​ខ្លួន​នោះ​គឺ​ជា​អ្វី​ដែល​ អ្នក​កំពុង​ធ្វើ ហើយ​ពេល​ដែល​អ្នក​លែងដៃ បើ​វា​ចំ​គោល​ដៅ​ឬ​មិន​ចំ​នោះ​ជា​អនាគត​របស់​អ្នក។ ស្រមៃ​មើល​ថា បើ​អ្នក​ប្រើ​កម្លាំង​ខ្សោយ នោះ​ព្រួញ​របស់​អ្នក​មិន​អាច​ដល់​គោល​ដៅ​បាន​ទេ ដូច្នេះ​ហើយ​អ្នក​ត្រូវ​ប្រឹងប្រែង​ព្យាយាម​ក្នុង​ជីវិត​និង​ពង្រឹង​ សមត្ថភាព​ខ្លួន ដើម្បី​ឲ្យ​អាច​ដើរ​ដល់​គោល​បំណង​ដែល​អ្នក​ចង់​បាន។ បើ​អ្នក​សម្រេច​ចិត្ត​ពេល​នេះ​ខុស ចាត់​ទុក​ថា​វា​ជា​មេរៀន​មួយ ព្រោះ​នរណា​ក៏​អាច​នឹង​សម្រេច​ចិត្ត​ខុស ប៉ុន្តែ​ការ​សម្រេច​ចិត្ត​នានា​វា​តែងតែ​បំពេញ​គ្នា​ទៅ​វិញ​ទៅ​មក​ចំពោះ​ការ​សម្រេច​ចិត្ត​ដទៃ​ទៀត​ដែរ។ អនាគត ​គឺ​គ្មាន​ពេល​បញ្ចប់ ប៉ុន្តែ​វា​ទៀង​នៅ​ត្រង់​រឿង​ម្យ៉ាង​គឺ​ពេល​យើង​ស្លាប់។ អ្នក​ដទៃ​ឬ​ក៏​ខ្លួន​យើង​ផ្ទាល់​តែងតែ​ចោទ​ជា​សំណួរ​ដែល​ផ្ដើម​ដោយ «តើ​អ្នក​ចង់…………….នៅ……..?» ។ ពេល​នោះ​ហើយ​ដែល​នឹក​ឃើញ​ថា ជីវិត​របស់​អ្នក​ចង់​បាន​អ្វីៗ​ជា​ច្រើន​ទៀត​គ្មាន​ពេល​បញ្ចប់ ដែល​អ្វីៗ​ទាំងឡាយ​ដែល​ស្ថិត​នៅ​ខាង​មុខ​នោះ​ជា​អនាគត​របស់​អ្នក។ គេ​ តែង​និយាយ​ថា ជីវិត​មាន​ន័យ​លុះត្រា​តែ​ជួប​រឿង​ពិបាក​និង​សប្បាយ… ចុះ​អ្នក? តើ​អ្នក​គិត​ថា​ខ្លួន​ទទួល​ជួប​បញ្ហា​អ្វី​ខ្លះ​ហើយ ច្រើន​ប៉ុណ្ណា? តើ​អ្នក​អាច​ដោះស្រាយ​វា​បាន​ដល់​កម្រិត​ណា? អ្នក​ត្រូវ​តែ​ចាក់​ឲ្យ​ចំ​បញ្ហា​មួយ​ដែលជា​ឧបសគ្គ​សម្រេច​បំណង​អនាគត​របស់​ អ្នក​ឲ្យ​បាន។ មនុស្ស​ម្នាក់ៗ​មាន​គោល​បំណង​ខុសៗ​គ្នា ខ្លាំង​ឬ​ក៏​ខ្សោយ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​មួយ​ទៀត​នោះ​គឺ​ការ​តាំងចិត្ត និង​ជម្រុញ​ចិត្ត​ខ្លួន​ឯង។ ខ្ញុំ​ជឿ​ថា​នរណាៗ​ក៏​ខ្ជិល ខ្ញុំ​ក៏​ខ្ជិល អ្នក​ក៏​ខ្ជិល ប៉ុន្តែ​យ៉ាង​ហោច​ណាស់​យើង​ទាំង​អស់​គ្នា​មាន​ការ​តាំង​ចិត្ត និង​សម្លឹង​រក​មើល​ផ្លូវ​ដើរ​ទៅ​រក​គោលបំណង ឬ​អនាគត ហើយ​ខិតខំ​ធ្វើ​អ្វី​ដែល​អាច​ធ្វើ​បាន​នៅ​ពេល​នេះ មុន​នឹង​ឱកាស​ទាំង​អស់​កន្លង​ហួស​ទៅ។ តែ​កុំ​ភ្លេច​ថា​យើង​ត្រូវ​តែ​ចេះ​បត់បែន​តាម​កាលៈទេសៈ។ កុំ​គិត​ថា​ខ្លួន​ឯង​ខុស «កង្កែប ​ក្នុង​អណ្ដូង» ជា​ពាក្យ​បន្ដុះបង្អាប់​លើ​នរណា​ម្នាក់​ដែល​មិន​បាន​ដឹង​មិន​បានស្គាល់​អំពី ​អ្វី​ដែល​មាន​នៅ​ក្រៅ​ពី​អ្វី​ដែល​ខ្លួន​គេ​មាន។ ប៉ុន្តែ​ការ​ប្រើ​ពាក្យ​នេះ ពេល​ខ្លះ​វា​ហាក់​ដូច​ជា​វាយ​ប្រហារលើបុគ្គល។ យើង​គួរ​តែ​គិត​ថា​យើង​ជា​កង្កែប​មួយ​ដែល​ស្ថិត​នៅ​ក្នុង​បឹង​មួយ យើង​អាច​ហែល​លេង​កម្សាន្ត​បាន អាច​ឡើង​លើ​គោក​បាន ប៉ុន្តែ​នៅ​លើ​គោក​វា​មាន​ផ្ទៃដី​ធំ​ពេក យើង​មិន​ដឹង​ថា​នឹង​ត្រូវ​ទៅ​ផ្លូវ​ណា​ផ្សេង​ក្រៅ​ពី​បឹង​និង​ទី​ដែល​ជិត​ បឹង។ នេះ​ចាត់​ទុក​ថា​ជា​ន័យ​សុទិដ្ឋិនិយម​មួយ។ អ្វីៗ​ស្ថិត​នៅ​លើ​ខ្លួន​យើង​ជា​អ្នក​សម្រេច។ តើ​អ្នក​សម្រេច​ថា​ចង់​ តែ​នៅ​ក្នុង​បឹង​និង​ទី​ដែល​ជិត​បឹង ឬ​ក៏​អ្នក​ចង់​ដើរ​ផ្សង​ព្រេង​ឬ​ព្យាយាម​ស្គាល់​អ្វីៗ​ដទៃ​ទៀត? ប៉ុន្តែ​យើង​ឈប់​និយាយ​អំពី​កង្កែប​ត្រង់​នេះ ព្រោះ​វា​មិន​ដូច​មនុស្ស​ទេ។ យើង​ចេះ​គិត​ពិចារណា ត្រិះរិះ ស្វែងយល់ និង​វិភាគ។ ផ្លូវ​ដែល​យើង​កំពុង​ដើរ​នេះ​គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​យើង។ ផ្ទៃ​ដី​ធំ​ណាស់ អ្នក​ត្រូវ​សួរ​ខ្លួន​ឯង​ថា​ចង់​ដើរ​ទៅ​កន្លែង​ណា? នៅ​ក្នុង​ដំណើរ​របស់​យើង អ្វី​ដែល​សំខាន់​បំផុត​គឺ​ការ​សម្រេច​ចិត្ត។ មនុស្ស​ជា​ច្រើន​ក្រោយ​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ​ហើយ អាច​នឹង​ស្ដាយ​ក្រោយ​ចំពោះ​អ្វី​ដែល​គេបាន​ធ្វើ។ ដូច​អ្វី​ដែល​ខ្ញុំ​បាន​លើក​ឡើង​ពី​ខាង​ដើម យើង​មិនអាច​មើល​ឃើញ​អនាគត​របស់យើង​ទេ អ្វី​ដែល​យើង​អាច​ធ្វើ​បាន​នៅ​ពេល​នេះ​គឺ​កំណត់​គោល​បំណង​មួយ​ឬ​បន្ត​ បន្ទាប់ ហើយ​ធ្វើ ក៏​ប៉ុន្តែ​វា​ត្រូវ​តែ​មាន​ភាព​បត់បែន។ បើ​អ្នក​សម្រេច​ចិត្ត​ពេល​នេះ​ខុស ចាត់​ទុក​ថា​វា​ជា​មេរៀន​មួយ ព្រោះ​នរណា​ក៏​អាច​នឹង​សម្រេច​ចិត្ត​ខុស ប៉ុន្តែ​ការ​សម្រេច​ចិត្ត​នានា​វា​តែងតែ​បំពេញ​គ្នា​ទៅ​វិញ​ទៅ​មក​ចំពោះ​ការ​សម្រេច​ចិត្ត​ដទៃ​ទៀត​ដែរ។ វា​ក៏​ដូច​ទៅ​នឹង​ការ​ដែលស្គាល់​មនុស្ស​នៅ​ក្នុង​សង្គម នៅ​ពេល​ណាមួយ​អ្នក​អាច​នឹង​ត្រូវ​ការ​ពួក​គេ ដោយ​អាស្រ័យ​ទៅ​នឹង​ទ្រឹស្ដី​សង្គម​ថា «មនុស្ស​ដែល​រស់​នៅ​ក្នុង​សង្គម​មួយ តែង​ពឹង​ផ្អែក​គ្នា​ទៅ​វិញ​ទៅ​មក»។ អ្នក​ត្រូវ​តែ​មាន​សុទិដ្ឋិនិយម​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ឯង ត្រូវ​សិក្សា​អំពី​កំហុស​របស់​អ្នក និង​រក​វិធី​ផ្លាស់ប្ដូរ​វា​ទៅ​ជា​មេរៀន​មួយ​ដ៏​ល្អ​ប្រសើរ​សម្រាប់​អភិវឌ្ឍ ​ជីវិត​របស់​អ្នក។ ស្វែងយល់​អំពី​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន ការ ​ស្វែងយល់​អំពី​ខ្លួន​ឯង​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​បំភ្លឺ​ផ្លូវ​របស់​អ្នក ហើយ​អ្នក​ក៏​នឹង​ងាយ​រៀបចំ​ខ្លួន​ចំពោះ​សកម្មភាព​និង​គោល​បំណង​ដែល​អ្នក​ចង់ ​ទទួល​បាន។ ខ្ញុំ​តែង​និយាយ​ប្រាប់​អ្នក​ដទៃ​ថា «ខ្ញុំ​ស្រលាញ់​ខ្លួន​ឯង​ណាស់!» នេះ​មិន​មែន​ខ្ញុំ​មាន​បញ្ហា​ក្នុង​ខ្លួន​ទេ តែ​ខ្ញុំ​ជឿ​ថា​នៅ​ពេល​ស្វែងយល់​អំពី​ខ្លួន​ឯង​និង​ស្រលាញ់​ខ្លួន​ឯង​ឲ្យ​ ច្រើន វា​អាច​ជួយ​ឲ្យ​ខ្ញុំ​ងាយ​នឹង​ដើរ​នៅ​លើ​ផ្លូវ​មួយ​ដ៏​វែង​នេះ​ដោយ​គ្មាន​ បញ្ហា​ធំដុំ​អាច​មក​រារាំង​ខ្ញុំ​បាន។ យើង​ត្រូវ​ចេះ​សប្បាយ​នឹង​អ្វី​ដែល​យើង​មាន។ នរណា​ក៏​ចេះ​ច្រណែន​ដែរ ខ្ញុំ​ក៏​ចេះ​ច្រណែន​នឹង​អ្នក​ដទៃ ហើយ​អ្នក​ដទៃ​ក៏​ចេះ​ច្រណែន​ខ្ញុំ​ដែរ ព្រោះ​នេះ​ជា​ធម្មជាតិ​នៃ​មនុស្ស។ បើ​អ្នក​ស្រលាញ់​អ្នក​ដទៃ​ដែរ​នោះ គួរ​ណា​កុំ​ស្រលាញ់​គេ​ទាំង​ស្រុង​ត្រូវ​ដក​ខ្លះ​សម្រាប់​ខ្លួន​ឯង​ផង​ទើប​ ជា​ការ​ប្រសើរ។ នៅ​ពេល​ដែល​យើង​ស្រលាញ់​ខ្លួន​ឯង​ច្រើន យើង​នឹង​ដឹង​ថា​យើង​ជា​មនុស្ស​ប្រភេទ​ណា​ហើយ​តើ​យើង​មាន​សមត្ថភាព​ដល់​ កម្រិត​ណា។ ហើយ​ពេល​នោះ យើង​អាច​នឹង​ងាយ​ក្នុង​ការ​សម្រេចចិត្ត​ចំពោះ​រឿងរ៉ាវ​នានា។ ពេល​ខ្លះ​យើង​ចង់​ធ្វើ​អ្វី​មួយ យើង​ធ្វើ​អ្វី​ទៅ​តាម​តែ​ចិត្ត​រហ័ស ដែល​នេះ​នរណា​ក៏​ជួប​ប្រទះ។ ការ​ដែល​និយាយ​អំពី​ការ​ស្រលាញ់​ខ្លួន​ឯង​គឺ​យើង​ដឹង​ថា​ខ្លួន​អាច​ធ្វើ​ អ្វី​បាន ចង់​បាន​អ្វី ហើយ​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ខ្លួន​ឯង​សប្បាយ​ថែម​ទៀត​ផង​នៅ​ពេល​មាន​បញ្ហា​ ណាមួយ។ នៅ​ពេល​ខ្ញុំ​មាន​បញ្ហា​ទុក្ខ​សោក​ខ្ញុំ​បាន​ព្យាយាមផ្លាស់​ប្ដូរ​រឿងរ៉ាវ​ ទាំង​នោះ​ទៅ​ជា​មេរៀន​សម្រាប់​ខ្លួន​ឯង។ អ្វី​ដែល​ខ្ញុំ​បាន​សិក្សា​អំពី​វា​មាន​ដូចជា៖ ខ្ញុំបាន​ស្វែងយល់​និង​ពង្រឹង​ការ​បញ្ជា​ចិត្ត។ ខ្ញុំ​បាន​ស្វែងយល់​ថា​វា​កើត​ឡើង​ក៏​ព្រោះ​មូលហេតុមួយ​ឬ​ច្រើន​ពាក់ព័ន្ធ។ ខ្ញុំ​បាន​ពង្រឹង​ចិត្ត​ខាង​ក្នុង​ឲ្យ​បាន​ខ្លាំង​ជាង​មុន។ ខ្ញុំបាន​គិត​ឃើញ​ថា​វា​សប្បាយ​ចំពោះ​ការ​កើត​ទុក្ខ។ ហើយ ​ខ្ញុំ​អាច​មើល​ឃើញ​អ្វីៗ​ទាំងអស់​សុទ្ធ​តែ​ស្រស់​ស្អាត ដូច្នេះ​ខ្ញុំ​ក៏​បង្រៀន​ខ្លួន​ឯង​ធ្វើ​ឲ្យ​ជីវិត​ស្រស់​ស្អាត​ដូច​របស់​ ទាំង​នោះ​ដែរ។ សេចក្ដី​រួម​ចុង​ក្រោយ «មួយ​ជំហាន​ បន្ទាប់​បច្ចុប្បន្ន» ជា​គំនិត​មួយ​ដែល​ខ្ញុំ​បាន​បង្កើត​ឡើង​សម្រាប់​ខ្លួន​ឯង ហើយ​ចង់​យក​មក​ចែករំលែក​ដល់​អ្នក។ មួយ​ជំហាន​នៃ​ជីវិត វា​មិនមែន​មាន​តែ​រឿង​ម្យ៉ាង​ដែល​ត្រូវ​គិត​នោះ​ទេ តែ​មាន​រឿង​សព្វសារពើ​ដែល​ត្រូវ​យក​មក​ថ្លឹងថ្លែង​និង​ធ្វើ​ការ​សម្រេច​ ចិត្ត។ អ្វី​ដែល​ខ្ញុំ​បាន​សរសេរ​មក​ហូរហែ​ពី​ខាង​លើ​មក​នេះ គ្រាន់​តែ​ជា​គំនិត​ដ៏​ស្ដួចស្ដើង​ដែល​ខ្ញុំ​ព្យាយាម​សិក្សា​អំពី​ជីវិត​ ខ្លួន​ឯង​និង​អ្នក​ដទៃ។ ព្រោះ​ខ្ញុំ​យល់​ថា បើ​ទោះ​ខ្ញុំ​មិន​ដែល​បាន​ទៅ​ក្រៅ​ប្រទេស​ក៏​ពិត​មែន​ពេល​នេះ បើ​ទោះ​ខ្ញុំ​មិន​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​នៅ​ពេល​នេះ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា​ជីវិត​ខ្ញុំ​នៅ​តែ​ប៉ុណ្ណឹង​នោះ​ទេ ខ្ញុំ​ត្រូវ​ព្យាយាម​ធ្វើ​អ្វី​តាម​តែ​ខ្លួន​អាច​ធ្វើ​បាន​និង​ពង្រីក​ សមត្ថភាព​ឲ្យ​បាន​លើស​ពី​អ្វី​ដែល​ខ្លួន​កំពុង​មាន។ ខ្ញុំ​អាច​និយាយ​បាន​ថា​នៅ​ពេល​នេះ​ខ្ញុំ​មាន​ជីវិត​មួយ​ដ៏​ល្អ ហើយ​ខ្ញុំ​មាន​ការងារ​ដែល​ខ្ញុំ​ចង់​ធ្វើ ខ្ញុំ​បាន​រៀន​អ្វី​ដែល​ប៉ង​ប្រាថ្នា ខ្ញុំ​បាន​ស្គាល់​មនុស្ស​ជា​ច្រើន ខ្ញុំ​បាន​ជួយ​គេ គេ​បាន​ជួយ​ខ្ញុំ។ល។ ប៉ុន្តែ​ខ្ញុំ​មិន​ភ្លេច​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​នោះ​ឡើយ​ថា «មួយ​ជំហាន​បន្ទាប់​បច្ចុប្បន្ន» និង «ការ​ចង់​បាន​គឺ​គ្មាន​ទី​បញ្ចប់» គួបផ្សំ​ទាំង «ការ​គិត​បែប​សុទិដ្ឋិនិយម»។ :)

0 comments:

Post a Comment

Copyright © 2016 Khmereads | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top