ប្រទេសកូរ៉េខាងជើង ចាប់ផ្ដើមបាចខិត្តប័ណ្ណឃោសនាដែលមានប្រមាណ ១លានសន្លឹកតាមប៉េងប៉ោង ចូលទឹកដីប្រទេសកូរ៉េខាងត្បូងវិញ ខណៈកើតមានភាពតានតឹងរវាងគូជម្លោះបងប្អូនទាំងពីរ ក្រោយមានការតេស្តគ្រាប់បែកនុយក្លេអ៊ែររបស់កូរ៉េខាងជើងថ្មីៗនេះ។
ការប្រឈមមុខបែបសង្គ្រាមត្រជាក់នេះ ពុះកញ្ជ្រោលឡើង ចាប់តាំងពីមានការអះអាងពីកូរ៉េខាងជើងកាលពីថ្ងៃទី ៦មករា ថាខ្លួនជាអ្នកតេស្តគ្រាប់បែកអ៊ីដ្រូហ្សែនក្រោមដី។ មុនមានការបាចបង្ហោះខិត្តប័ណ្ណនេះ កូរ៉េខាងត្បូងក៏បានផ្សព្វផ្សាយយុទ្ធនាប្រឆាំងក្រុងព្យុងយ៉ាង និងដាក់ប្រដាប់បំពងសំឡេងចម្រៀង K-Pop តាមព្រំដែនបែរទៅរកកូរ៉េខាងជើងដែរ។
ប្រការនេះបានធ្វើឲ្យកូរ៉េខាងជើង ត្រូវឆ្លើយតបយ៉ាងរហ័សវិញ ដោយដាក់ចេញការឃោសនារបស់ខ្លួនតាមព្រំដែន និងបង្ហោះខិត្តប័ណ្ណប្រឆាំងកូរ៉េខាងត្បូងតាមប៉េងប៉ោងវិញ។ នេះបើតាមមន្ត្រីកូរ៉េខាងត្បូង។
រដ្ឋមន្ត្រីការពារជាតិក្រុងសេអ៊ូល បានមានប្រសាសន៍ កាលពីថ្ងៃច័ន្ទម្សិលមិញថា យោធាកូរ៉េខាងជើងបានបង្ហោះប៉េងប៉ោងសណ្ដោងខិត្តប័ណ្ណ និងបានប៉ើងទៅដល់ទីក្រុងសេអ៊ូលជិតព្រំដែនផងដែរ។
បើតាមប្រភពខាងលើ ការបាចសាចខិត្តប័ណ្ណកូរ៉េខាងជើងគឺជារឿងកម្រកើតមានបំផុត ខណៈកូរ៉េទាំងពីរបានបញ្ឈប់សង្គ្រាមចិត្តសាស្ត្រជាផ្លូវការ ដើម្បីកាត់បន្ថយភាពតានតឹងកាលពីឆ្នាំ ២០០៤។ ប៉ុន្តែសកម្មជនកូរ៉េខាងត្បូងទេ នៅតែបញ្ជូនខិត្តប័ណ្ណតាមប៉េងប៉ោងម្ដងម្កាលទៅកាន់កូរ៉េខាងជើង ដែលនាំឲ្យមានការឆ្លើយតបបែបកំហឹងរបស់កូរ៉េខាងជើងបែបនេះ៕
0 comments:
Post a Comment