កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាមេបញ្ជាការរងកងទ័ពជើងគោកលោក ហ៊ុន ម៉ាណែត បានដាក់ពាក្យបណ្ដឹងទៅកាន់អគ្គស្នងការនគរបាលជាតិលោក នេត សារឿន ដោយប្ដឹងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chham Chhany ពីបទបរិហារកេរ្តិ៍ជាសាធារណៈ។
ពាក្យបណ្ដឹងរបស់លោក ហ៊ុន ម៉ាណែត ចុះថ្ងៃទី២២ ខែមករានេះ លើកឡើងថា នៅពេលថ្មីៗនេះ គណនីហ្វេសប៊ុកឈ្មោះ Chham Chhany បានសរសេរអត្ថបទផ្សព្វផ្សាយមួយដែលមានចំណងជើងថា «ឧក្រិដ្ឋជនព្រៃឈើកាច់កុងគ្នា ព្រោះចង់កាន់កាប់តំបន់កាប់ឈើ បានផលត្រកូល ហ៊ុន» ហើយអត្ថបទនោះបានបរិយាយថា៖ “សឹង សំអុល មាន ប៊ុន រ៉ានី ជាខ្នងបង្អែក ចំណែក លឹម ប៊ុណ្ណា មាន ហ៊ុន ម៉ាណែត នៅពីក្រោយ ចឹងហើយបានជាសមត្ថកិច្ចដែលចុះទៅពិនិត្យកន្លែងស្តុកឈើរបស់ លឹម ប៊ុណ្ណា និយាយថាជាឈើស្របច្បាប់។ តាមពត៌មានបានឲ្យដឹងថា របាយការណ៍របស់សមត្ថកិច្ចបានបញ្ចេញមកបែបនេះគឺបន្ទាប់ពីសមត្ថកិច្ចបានទទួលបញ្ជាពី ប៊ុន រ៉ានី ហ៊ុន សែន ឲ្យសម្រួលដល់ការងាររកស៊ីរបស់ឧកញ៉ាទាំងពីរ ។ ប្រភពបានបញ្ជាក់ថា ដើមឡើយប្រហែលជា ប៊ុន រ៉ានីហ៊ុនសែន មិនដឹងថាឧកញ៉ា ខ្នា មានទំនាក់ទំនងជាមួយ ហ៊ុន ម៉ាណែត ទេ បានជាខ្ចីដៃសម្តេចកំចាត់ឧកញ៉ា ខ្នា ទុកកន្លែងឲ្យឧកញ៉ា សឹង សំអុល កាប់ឈើ តែក្រោយពីឧកញ៉ា ខ្នា សុំអន្តរាគមន៍ពី ហ៊ុន ម៉ាណែត ក៏អ្វីៗបានប្រែប្រួលទៅគឺ «ឈើស្របច្បាប់» បានន័យថា ឧកញ៉ាទាំងពីរនៅតែមានឱកាសកាប់ឈើដដែល សំខាន់ឲ្យតែមានសំណែនសែនឲ្យ ប៊ុន រ៉ានី និងហ៊ុន ម៉ាណែត ស៊ីគ្រប់គ្រាន់ តែបើមិនគ្រប់ទេ គុក គុក គុក”។
ពាក្យបណ្ដឹងបន្តថា ការផ្សព្វផ្សាយអត្ថបទនេះ និងអត្ថបទមួយចំនួនផ្សេងទៀតរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chham Chhany ជាការប្រឌិតខុសពីការពិតទាំងស្រុង និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់គ្រួសារលោក និងរូបលោកផ្ទាល់។
លោក ហ៊ុន ម៉ាណែត ក៏បានស្នើឲ្យអគ្គស្នងការនគរបាលជាតិឲ្យជួររកយុត្តិធម៌ និងស្វែងរកជនល្មើសមកផ្ដន្ទាទោសតាមផ្លុវច្បាប់ផងដែរ៕
(ដកស្រង់ពី Newsfeedគហទំព័រ VOD News – កូនប្រុសច្បងនាយករដ្ឋមន្ត្រីប្ដឹងម្ចាស់គណនីហ្វេសប៊ុកម្នាក់ពីបទបរិហារកេរ្តិ៍ )
0 comments:
Post a Comment