Friday, January 22, 2016

នគរបាល​ប្រកាស​ចាត់វិធានការលើ​អ្នក​បើក​បរ​លើសល្បឿនកំណត់ចាប់ពីថ្ងៃទី២៣ខែមករា

មន្រ្តីអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា​សមត្ថកិច្ច​នឹង​រឹតបន្តឹង​ការបើកបរលើសល្បឿនកំណត់នៅទូទាំងប្រទេស ​​ចាប់ពីថ្ងៃទី​២៣ខែមករានេះតទៅ។​ ក្នុងវីដេអូឃ្លីបមួយដែលត្រូវបានបង្ហោះលើហ្វេសប៊ុក​របស់​អគ្គស្នងការដ្ឋាននគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ ​អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ​​មានប្រសាសន៍​ថា​គ្រោះថ្នាក់ចរាចរណ៍​ដែលកើត​ឡើង​​ដោយសារការបើកបរហួសល្បឿនកំណត់​មានកម្រិតខ្ពស់នៅឡើយ។​ លោក​បន្ត​ថា​ចាប់ពីថ្ងៃទី​២៣ខែមករានេះ មន្រ្តីនគរបាលចរាចរណ៍​នឹង​ចាត់វិធានការរឹតបន្តឹងចំពោះអ្នក​បើក​បរលើសល្បឿនកំណត់។​ លោក​​​បញ្ជាក់ថា​ប្រតិបត្តិការ​រឹតបន្តឹង​នេះអាច​ចល័តច្រើនកន្លែង។​ អនុក្រឹត្យស្តីពីការពិន័យ​អន្តរការណ៍​ចំពោះអំពើល្មើស​នឹង​ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចែងថា​នឹងផាកពិន័យ​​អ្នក​បើក​ទោចក្រយានយន្ត​ឬ​ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក​ឬ​ត្រីចក្រយានយន្ត​ចំនួនទឹកប្រាក់​១៥០០០រៀល​ អ្នក​បើក​បរ​យាន​យន្តធុនស្រាល​ចំនួន​២៥០០០រៀល​និង​អ្នក​បើក​បរយានយន្ត​ធុនធ្ងន់ចំនួន​៥ម៉ឺនរៀល​ចំពោះ​ការ​បើក​បរលើសល្បឿនកំណត់​ចាប់ពី១ទៅ​១៩គីឡូម៉ែត្រក្នុងមួយម៉ោង។ មន្រ្តីនគរបាលចរាចរណ៍នឹង​ផាកពិន័យ​អ្នក​បើក​ទោចក្រយានយន្ត​ឬ​ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក​ឬ​ត្រីចក្រយានយន្ត​ចំនួនទឹកប្រាក់​២ម៉ឺនរៀល ​ អ្នក​បើក​បរ​យាន​យន្តធុនស្រាល​ចំនួន​៤ម៉ឺនរៀល​និង​អ្នក​បើក​បរយានយន្ត​ធុនធ្ងន់ចំនួន​៧៥០០០រៀល​ចំពោះ​ការ​បើក​បរលើសល្បឿនកំណត់​ចាប់ពី​២០ទៅ២៩គីឡូម៉ែត្រក្នុងមួយម៉ោង។ មន្រ្តីចរាចរណ៍នឹង​ផាកពិន័យ​អ្នក​បើក​ទោចក្រយានយន្ត​ឬ​ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក​ឬ​ត្រីចក្រយានយន្ត​ចំនួនទឹកប្រាក់​២៥០០០រៀល​ អ្នក​បើក​បរ​យាន​យន្តធុនស្រាល​ចំនួន​៥ម៉ឺនរៀល​និង​អ្នក​បើក​បរយានយន្ត​ធុនធ្ងន់ចំនួន​១០ម៉ឺនរៀល​ចំពោះ​ការ​បើក​បរលើសល្បឿនកំណត់​ចាប់ពី​៣០ទៅ៣៩គីឡូម៉ែត្រក្នុងមួយម៉ោង។ មន្រ្តីចរាចរណ៍​នឹង​ផាកពិន័យ​អ្នក​បើក​ទោចក្រយានយន្ត​ឬ​ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក​ឬ​ត្រីចក្រយានយន្ត​ចំនួនទឹកប្រាក់​៣ម៉ឺនរៀល​ អ្នក​បើក​បរ​យាន​យន្តធុនស្រាល​ចំនួន​៦ម៉ឺនរៀល​និង​អ្នក​បើក​បរយានយន្ត​ធុនធ្ងន់ចំនួន​១២៥០០០រៀល​ចំពោះ​ការ​បើក​បរលើសល្បឿនកំណត់​ចាប់លើសពី​​៤០គីឡូម៉ែត្រក្នុងមួយម៉ោង។ ប្រធាន​នាយកដ្ឋាន​ចរាចរណ៍​ផ្លូវគោកនៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិលោក ហ៊ឹម យ៉ាន មានប្រសាសន៍ថា​​ល្បឿនកំណត់​សម្រាប់​ម៉ូតូ​នៅក្នុងទីប្រជុំជន គឺ​៣០គីឡូម៉ែត្រ​ក្នុងមួយម៉ោងនិងក្រៅទីប្រជុំជន​គឺ​​៦០គីឡូម៉ែត្រ​ក្នុងមួយម៉ោងទៅតាមប្រភេទម៉ូតូ។ ចំណែក​រថយន្តនៅទីប្រជុំជន​​គឺ​៤០គីឡូម៉ែត្រក្នុងមួយម៉ោង​និងនៅក្រៅទីប្រជុំជន​៨០គីឡូម៉ែត្រក្នុងមួយម៉ោង​៕ (ដកស្រង់ពី Newsfeedគហទំព័រ VOD News – នគរបាល​ប្រកាស​ចាត់វិធានការលើ​អ្នក​បើក​បរ​លើសល្បឿនកំណត់ចាប់ពីថ្ងៃទី២៣ខែមករា​​ )

0 comments:

Post a Comment

Copyright © 2016 Khmereads | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top