Saturday, January 16, 2016
ហេតុផលចំនួន ៩ បញ្ជាក់ថា ហេតុអ្វីបានជាលោកអ្នកមិនអាចសម្រេចគោលដៅបាន?
តើប្រិយមិត្តមានធ្លាប់បរាជ័យលើគោលដៅរបស់លោកអ្នកដែរឬទេ? បើធ្លាប់ហេតុអ្វី? បើមិត្តអ្នកអានពិតជាអាចរកឃើញពីមូលហេតុពិតប្រាកដដែលធ្វើឲ្យលោកអ្នកបរាជ័យមែននោះវាជារឿងប្រសើរបំផុត។ ផ្ទុយទៅវិញ បើលោកអ្នកនៅមានភាពស្រពិចស្រពិលចំពោះបញ្ហានេះ សូមក្រឡេកមើល ៩ ចំណុចខាងក្រោមនេះដែលជាមូលហេតុធ្វើឲ្យលោកអ្នកបរាជ័យ។
១) គោលដៅរបស់អ្នកមិនច្បាស់លាស់
នេះជាមូលហេតុមួយធ្វើឲ្យគោលដៅរបស់អ្នកមិនអាចសម្រេចបានដោយជោគជ័យ។ ផ្ទុយទៅវិញអ្នកត្រូវបង្កើតគោលដៅមួយឲ្យបានច្បាស់ថា ពោលគឺសួរខ្លួនឯងថា អ្នកត្រូវធ្វើអ្វីនៅថ្ងៃនេះ ថ្ងៃស្អែក សបា្តហ៍នេះ ឬ ក្នុងឆ្នាំនេះ?
២) គ្មានការវាយតម្លៃលើគោលដៅដែលអនុវត្ត
វាជាកំហុសខុសឆ្គងមួយនៅទីនេះ ប្រសិនបើអ្នកមិនដឹងថា តើត្រូវធ្វើអ្វីខ្លះដើម្បីឲ្យគោលដៅរបស់អ្នកសម្រេចបានជោគជ័យ។ ការវាយតម្លៃជាមុនដូចជា តើអ្នកត្រូវប្រើពេលប៉ុន្មានដើម្បីដល់គោលដៅនោះ? ដោយរបៀបណា? ចំណាយអ្វីខ្លះ? មានឧបសគ្គអ្វីខ្លះកើតឡើង? នេះហើយជាអ្វីដែលត្រូវស្ទាបស្ទង់ឲ្យបានច្បាស់ជាមុន មុននឹងឈានជើងសម្រេចគោលដៅនោះ។
៣) អនុវត្តគោលដៅដែលមិនអាចទៅរួច
ប្រសិនបើគោលដៅរបស់អ្នកមិនអាចទៅរួច រឿងដ៏សាមញ្ញនោះគឺថា អ្នកមិនចាំបាច់ធ្វើវានោះឡើយ។ ពេលខ្លះឥរិយាបថរបស់អ្នកនៅក្នុងអតីតកាល អាចព្យាករណ៍បានពីអនាគតឥរិយាបថរបស់អ្នក ដែលមានន័យថា បើអ្នកគ្មានសញ្ញាណណាមួយដែលអ្នកអាចផ្លាស់ប្ដូរឥរិយាបថរបស់អ្នកនៅក្នុងសបា្តហ៍នេះបានទេនោះ សូមកុំរៀបចំគោលដៅសម្រេចឲ្យបានសប្ដាហ៍នេះអី។ នៅទីនេះ រឿងដែលងាយបំផុតដើម្បីជួយអ្នកនៅទីនេះ គឺត្រូវដឹងពីសមត្ថភាពរបស់អ្នកថា តើអ្នកអាចធ្វើវាបានដល់កម្រិតណា?
៤) រៀបចំតែគោលដៅរយៈពេលវែងពេក
គោលដៅរយៈពេលវែងហាក់ធ្វើឲ្យអ្នកងាកចេញពីគោលដៅដែលអ្នកចង់ទៅ ព្រោះនៅក្នុងចន្លោះពេលវេលាដ៏យូរទាំងនេះ អាចមានឧបសគ្គជាច្រើនចូលមករំខាន និង អាចផ្លាស់ប្ដូរផ្នត់គំនិតរបស់អ្នកបាន។ យ៉ាងណាមិញ អ្នកត្រូវសរសេរគោលដៅខ្លីៗជាមែកធាងឲ្យបាញ់ឆ្ពោះទៅរកគោលដៅធំរបស់អ្នក ព្រោះវានឹងអាចធ្វើឲ្យអ្នកអាចដោះស្រាយបញ្ហានៅចំពោះមុខបានប្រសើរជាង។
៥) ទទួលយកទស្សនៈអវិជ្ជមានលើគោលដៅរបស់អ្នក
វាជារឿងមួយគ្រោះថ្នាក់នៅពេលដែលអ្នកបានរៀបចំគោលដៅហើយ បែរជាជឿលើកទស្សនៈអ្នកណាម្នាក់ដែលមកនិយាយថា អ្នកកំពុងធ្វើរឿងខុសឆ្គង ឬ មកនិយាយថា វាមិនអាចទៅរួចនោះឡើយ។ ប្រការនេះ អ្នកគួរស្វែងរកអ្នកលើកទឹកចិត្តឲ្យបានច្រើន ជាពិសេសមិត្តភក្ដិស្និទ្ធស្នាល និង ក្រុមគ្រួសារអ្នកជាដើមដើម្បីផ្តល់កម្លាំងចិត្តសម្រេចគោលដៅនោះ។
៦) គោលដៅមិនស្ថិតស្ថេរនៅក្នុងខួរក្បាលរបស់អ្នក
អ្នកត្រូវដឹងថា អ្នកមិនគួរធ្វើឲ្យគោលដៅរបស់អ្នកជាប់គាំងងើបឡើងមិនរួចឃើញបាត់ៗនោះឡើយ។ អ្នកត្រូវធ្វើឲ្យគោលដៅរបស់អ្នកមានវត្តមាននៅពីមុខអ្នកជានិច្ច ដែលនេះនឹងធ្វើឲ្យវាអាចក្លាយជាការពិតបាន និង ធ្វើឲ្យអ្នកមានទំនួលខុសត្រូវដើម្បីសម្រេចគោលដៅនោះបានទៀតផង។
៧) ផ្ដោតតែទៅលើលទ្ធផលមិនផ្ដោតលើការអនុវត្តជាក់ស្តែង
អ្នកប្រហែលជារំពឹងខ្ពស់ខ្លាំងណាស់ថា អ្នកនឹងទទួលបានលទ្ធផលគាប់ប្រសើរលើគោលដៅរបស់អ្នក។ ផ្ទុយទៅវិញ ងាកមកមើលការអនុវត្តជំហាននីមួយៗឆ្ពោះទៅរកគោលដៅនោះវិញ បែរជាគ្មានការអ្វីជាដុំកំភួន ធ្វើច្បោលៗ ឬ ធ្វើឲ្យតែរួចពីដៃនោះ គ្មានថ្ងៃអាចសម្រេចបានគោលដៅរបស់អ្នកនោះឡើយ។ សូមផ្ដោតលើការងារដែលត្រូវធ្វើដោយបានរៀបចំគម្រោងនូវអ្វីដែលអ្នកត្រូវធ្វើពីមួយជំហានទៅមួយជំហានទើបជារឿងដ៏ប្រសើរបំផុត។
៨) មិនបានចំណាយពេលគិតគូរដល់គោលដៅឲ្យបានច្រើន
ការចំណាយពេលគិតគូរពីអ្វីដែលត្រូវធ្វើដើម្បីឲ្យគោលដៅរបស់អ្នកបានសម្រេចគឺជារឿងសំខាន់ណាស់។ អ្នកត្រូវដឹងថា ក្នុង២៤ម៉ោង តើអ្នកបានចំណាយពេលធ្វើអ្វីខ្លះ? តើការងារទាំងនោះអាចធ្វើឲ្យអ្នកសម្រេចដល់គោលដៅរបស់អ្នកដែរឬទេ? ការសម្រេចគោលដៅប្រៀបដូចជាការចំណាយពេលតាមដានភាពយន្តភាគមួយដ៏ជក់ចិត្តមួយផងដែរ ដើម្បីចង់ដឹងពីលទ្ធផលសាច់រឿងនៅពេលបញ្ចប់។ បើអ្នកចំណាយពេលច្រើនហួសហេតុធ្វើរឿងផ្សេង លទ្ធផលនឹងខកចិត្តជាក់ជាពុំខាន។
៩) គ្មានប្រព័ន្ធត្រួតពិនិត្យលើការអនុវត្តគោលដៅរបស់ខ្លួន
ប្រសិនបើអ្នកប្រកាសពីគោលដៅរបស់អ្នកជាសាធារណៈ ឬ ក៏សន្យាក្នុងការផ្តល់អ្វីមួយដល់អ្នកដទៃ មនុស្សទាំងនោះនឹងជឿលើអ្នកជាមិនខាន។ តែពួកគេក៏បារម្ភផងដែរពីគោលដៅរបស់អ្នក និង តាមដានថា តើអ្នកអាចសម្រេចបានគោលដៅនោះដែរឬអត់? សូមកុំចាត់ទុកករណីនេះជាបញ្ហារបស់អ្នក អ្នកត្រូវផ្តល់ថាមពលឲ្យខ្លួនឯងធ្វើការឲ្យអស់ពីកម្លាំងកាយចិត្ត និង តាមដានការសកម្មភាពអនុវត្តរបស់អ្នកជាប្រចាំដូចជា តើអ្នកបានអនុវត្តបានដល់កម្រិតណា? មានបញ្ហាអ្វីខ្លះ? នៅខ្វះខាតត្រង់ណាជាដើម?
ប្រភព៖ Thebnews
0 comments:
Post a Comment