Sunday, January 17, 2016
ការត្រៀមខ្លួនប្រតិបត្តិរបស់ស្ត្រីមានផ្ទៃពោះ
ក្នុងអំឡុងពេលស្ត្រីមានផ្ទៃពោះ គឺជាពេលវេលាដែលរាងកាយប្រែប្រួល ហើយការប្រែប្រួលនេះវានឹងក្លាយជាឧបសគ្គ ដល់ការងារប្រចាំថ្ងៃខ្លះ ដែលស្ត្រីធ្លាប់ធ្វើ។ ដូច្នេះមុនពេលឈានចូលដល់ពេលវេលាខាងលើនេះ គួរសិក្សាស្វែងយល់ទុកមុន ព្រោះវាពិតជាផ្តល់ផលប្រយោជន៍ដល់ស្រី្តមានផ្ទៃពោះឲ្យបានត្រៀមខ្លួនទប់ទល់នឹងអារម្មណ៍ធុញថប់តប់ប្រមល់ថែមទៀតផង។ ចំណុចដែលស្ត្រីគួរតែយល់ដឹងទុកមុននោះគឺ ៖
១-គេងផ្កាប់មុខ : សម្រាប់ស្ត្រីមានទម្លាប់គេងផ្កាប់មុខពិតជាបានដឹងរួចទៅហើយថា ក្រោយពេលទំហំផ្ទៃពោះកាន់តែធំ នាងនឹងមានឥរិយាបទគេងថ្មីមួយមកជំនួសដោយពេលវេលានោះ នាងនឹងដឹងដោយខ្លួនឯង។
២-គេងលង់លក់ស្កប់ស្កល់ដល់ព្រឹក : បញ្ហានេះពិតជាជួបផលលំបាក ព្រោះបើកូននៅក្នុងផ្ទៃកាន់តែធំ ស្បូនកាន់តែត្បៀតសង្កត់ទៅលើប្លោកនោម ជាហេតុធ្វើឲ្យឈឺបត់ជើងតូចញឹកញាប់។
៣-រសជាតិមុតពេក : បណ្តាម្ហូបមានរសជាតិមុតដូចជា ផ្អែម ប្រៃ ជូរ ហិរ ទាំងនេះអាចប្រឈមមុខនឹងអាការៈរាគរូស។ អាហារមានរសជាតិហិលពេកអាចធ្វើឲ្យសុខភាពពោះចុះខ្សោយ តែបើទទួលទានប្រៃពេកអាចជាដើមចមធ្វើឲ្យហើមខ្លួន ផ្ទៃពោះមានជាតិពុល ឬប្រសិនបើផ្អែមពេកក៏អាចធ្វើឲ្យឡើងទម្ងន់។ ដូច្នេះក្នុងអំឡុងពេលខាងលើនេះ គួរតែប្តូរទៅទទួលទានមុខម្ហូបមានរសជាតិល្មម។
៤-កាត់ និងលាបក្រចក : ក្នុងអំឡុងពេលផ្ទៃពោះរីកធំឡើង វាជាឧបសគ្គដែលស្ត្រីមិនអាចឱន ឬទោដងខ្លួនទៅតាមមុខដែលកាត់ ឬលាបថ្នាំតុបតែងក្រចកដូចមុនទេ។ ដូច្នេះរឿងកាត់ក្រចកនេះ អ្នកគួរពឹងពាក់ឲ្យស្វាមីជួយ ឬទៅតុបតែងសម្រស់ក្រចកនៅហាងកែសម្ផស្ស។
៥-កិច្ចការដទៃទៀត : ការដើរកម្សាន្តទាំងតំបន់ខ្ពង់រាប និងវាលទំនាប ឬសូម្បីតែលំហាត់ប្រាណដោយចលនាហក់លោត ពត់រមួលដងខ្លួនខ្លាំងពេកនោះគួរតែផ្អាកមួយរយៈរង់ចាំរហូតដល់សម្រាល កូនរួចទើបប្រសើរ៕
0 comments:
Post a Comment