Sunday, February 7, 2016

កូរ៉េខាងជើង​បាញ់​មីស៊ីល​បង្កជម្លោះ​ជាមួយ​ពិភពលោក​ហើយ (មានវីដេអូ)



ពេល​នេះ​ម៉ោង​នេះ កូរ៉េខាងជើង​បាន​ផ្គើន​នឹង​ការ​ព្រមាន​របស់​អន្តរជាតិ​ហើយ ដោយ​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​បាន​សម្រេច​បាញ់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ចេញ​បាត់​ហើយ នេះ​បើ​យោង​តាម​រដ្ឋាភិបាល​របស់​កូរ៉េខាងត្បូង ហើយ​វា​នឹង​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ការ​ញុះញង់​ចំពោះ​សហរដ្ឋអាមេរិក អម​ទាំង​សម្ព័ន្ធមិត្ត​របស់​ប្រទេស​នេះ​ដែរ ។
ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​កូរ៉េខាងត្បូង​បាន​កោះហៅ​ប្រជុំ​ជា​បន្ទាន់​មួយ ជុំវិញ​ការ​បាញ់​មីស៊ីល​របស់​កូរ៉េខាងជើង​នេះ ដោយ​គេ​អះអាង​ថា វា​បាន​បាញ់​ចេញ​តាំង​ពី​ម៉ោង​៩:៣០​នាទី​ព្រឹក ថ្ងៃ​អាទិត្យ ទី​៧​នេះ​មក​ម្ល៉េះ ហើយ​ក្នុង​នោះ​សូម្បី​តែ​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការសហប្រជាជាតិ​ ក៏​បាន​​ប្រកាស​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ដែរ ។
បើ​មើល​តាម​គន្លង​របស់​មីស៊ីល​នេះ វា​ទំនង​ជា​មិន​បង្ក​ហានិភ័យ​ដល់​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ទេ ប៉ុន្តែ​អាមេរិក​នៅ​តែ​ថ្កោលទោស​ចំពោះ​រឿង​នេះ ហើយ​ហៅ​ករណី​នេះ​ថា ជា​ការ​បង្ក​រឿង​មួយ​ដែល​មិន​អាច​មិន​ដោះស្រាយ​បាន ។ 
មក​ទល់​ពេល​នេះ ទាំង​អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង​សុទ្ធ​តែ​តាមដាន​មីស៊ីល​នេះ​ជា​ខ្លាំង ព្រោះ​អ្វី​ដែល​គេ​បារម្ភ​នោះ​គឺ បំណែក​ដែល​ខ្ទាត​ចេញ​មីស៊ីល​អាច​នឹង​ធ្លាក់​ត្រូវ​កោះ Okinawa របស់​ជប៉ុន និង​កោះ​ Jeju របស់​កូរ៉េខាងត្បូង ។
ទាក់ទង​នឹង​ករណី​នេះ សូម្បី​តែ​ចិន​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​កូរ៉េខាងជើង​ក៏​ថ្លែង​ថ្កោលទោស​ដែរ ប៉ុន្តែ​កូរ៉េខាងជើង​ហាក់​មិន​អើពើ​អ្វី​សូម្បី​តែ​បន្តិច ហើយ​គេ​អះអាង​ខ្លួន​គេ​ថា វា​គ្រាន់​តែ​ជា​មីស៊ីល​ផ្កាយរណប​បាញ់​ទៅ​លើ​អវកាស​ប៉ុណ្ណោះ តែ​អ្វី​ទាំង​នេះ​ខុស​ពី​អ្វី​ដែល​ពិភពលោក​គិត ពោល​គឺ​គេ​គិត​ថា វា​ជា​ការ​សាកល្បង​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ពាំ​ក្បាល​នុយក្លេអ៊ែរ ។
គួរ​បញ្ជាក់​ថា មីស៊ីល​ដែល​បាញ់​លើក​ទី​៦​នេះ ទំនង​ជា​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ Taepodong ដែល​ជា​មីស៊ីល​អន្តរទ្វីប​មួយ​ប្រភេទ ហើយ​មាន​ដែន​ប្រសិទ្ធភាព​ដល់​ទៅ​៩០០០​គីឡូម៉ែត្រ​ជុំវិញ​មីស៊ីល ដែល​អាច​គ្រប​ដណ្ដប់​ដល់​អូស្ត្រាលី ភាគ​ច្រើន​នៃ​អឺរ៉ុប​ខាង​លិច និង​ភាគ​ខាង​លិច​នៃ​ច្រាំង​សមុទ្រ​អាមេរិក ៕

0 comments:

Post a Comment

Copyright © 2016 Khmereads | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top