Monday, January 18, 2016
អង្គុយគងអន្ទាក់ខ្លា មានផលអាក្រក់យ៉ាងណាចំពោះសុខភាព?
អង្គុយគងអន្ទាក់ខ្លា (អង្គុយខ្វែងជើង) ជាទម្លាប់មួយ ដែលមនុស្សជាច្រើនធ្វើ។ នេះជាឥរិយាបថមួយ នៃឥរិយាបថ ដើរ ដេក ឈរ អង្គុយ ក៏ដូចជាសកម្មភាពប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ ដែលតែងប្រព្រឹត្តទៅខុសប្លែកគ្នាជារៀងរាល់ថ្ងៃ។
ឥរិយាបថ ល្អ គឺផ្នែកមួយទាក់ទងនឹងសុខភាពផងដែរ។ ចុះចំពោះ ការ អង្គុយគងជើងម្ខាងលើជើងម្ខាង បែបនេះជាការត្រឹមត្រូវដែរឬទេ? យ៉ាងណាមិញ ការស្រាវជ្រាវពីអ្នកជំនាញបានបង្ហាញដូចខាងក្រោម៖
តាមការសិក្សាពីអ្នកជំនាញជាច្រើន បង្ហាញនូវលទ្ធផលជារួមថា ទម្លាប់នៃការអង្គុយគងជើង ឬអង្គុយគងអន្ទាក់ខ្លា គឺបង្កផលវិបាកមួយចំនួនដល់សុខភាព។ អ្នកជំនាញបង្ហាញថា ការអង្គុយគងទាក់ខ្លាយូរម៉ោង ធ្វើឲ្យសម្ពាធឈាមកើនខ្ពស់ កើតជំងឺយឺតសរសៃឈាម និងខូចសរសៃប្រសាទវិញ្ញាណ។
ការសិក្សាមួយធ្វើឡើងនៅទីក្រុង Istanbul ប្រទេសទួគី បានធ្វើឡើងចំពោះអ្នកចូលចិត្តអានសៀវភៅរយៈពេលយូរនិងមានទម្លាប់អង្គុយគងអន្ទាក់ខ្លា។ លទ្ធផលបានបង្ហាញថា ត្រឹមរយៈពេលបីនាទី សំពាធឈាមរបស់ពួកគេឡើងខ្ពស់ ដោយសារតែការអង្គុយយកជើងម្ខាងគងសង្កត់លើផ្នែកជង្គង់នៃជើងម្ខាងទៀតធ្វើឲ្យ ចលនាឈាមរត់ទៅលើ(ផ្នែកទ្រូង) នាំឲ្យចរន្តឈាមខុសប្រក្រតី (ឈាមច្រាលច្រើន ជាមួយនិងឈាមច្របាច់ចេញពីបេះដូង)។
ដោយឡែកចំពោះការស្រាវជ្រាវមួយទៀតធ្វើឡើង នៅប្រទេសហុល្លង់ បានបង្ហាញលទ្ធផលស្រដៀងនឹងការសិក្សាមុនៗ ដោយលទ្ធផលបង្ហាញថា សរសៃឈាមដំណើរការមិនល្អឡើយ នៅពេលអង្គុយគងអន្ទាក់ខ្លា។ ដោយសារតែការអង្គុយតាមឥរិយាបថនោះ បានដាក់សម្ពាធលើសរសៃឆ្អឹងស្មងជើង (ផ្នែកខាងក្រោយនៃជង្គង់) ជាផ្នែកសំខាន់នៃចលនា ជើងនិងប្រអប់ជើង ធ្វើឲ្យអ្នកមានទម្លាប់បែបនោះយូរ ច្រើនមានអារម្មណ៍ឈឺមុតដូចចាក់ម្ជុល។
យ៉ាងណាក្ដីចំពោះ អ្នកមានទម្លាប់អង្គុយគងទាក់ខ្លា គេច្រើនឧស្សាហ៍ផ្លាស់ប្ដូរឥរិយាបថអង្គុយច្រើនដង នៅពេលមានអារម្មណ៍មិនស្រួល។ ចំពោះទម្លាប់អង្គុយយូរៗ អ្នកជំនាញបានណែនាំឲ្យធ្វើចលនាខ្លះ ចៀសវាងការអង្គុយធ្វើឲ្យស្ពឹកស្រពន់៕
0 comments:
Post a Comment