Monday, January 18, 2016

តើ​មហាសេដ្ឋី​លេខ ៣៥ ពិភពលោក Phil Knight មាន​ប្រវត្តិ​រក​ស៊ី​យ៉ាង​ដូចម្ដេច​ខ្លះ​នៅ​ក្នុង​ឆាក​ជីវិត?

លោក Phil Knight គឺ​ជា​មហាសេដ្ឋី​ជំនួញ​សញ្ជាតិ​អាមេរិក និង ជា​សប្បុរសជន​មួយ​រូប​ផង​នោះ គឺ​ជា​មនុស្ស​ដ៏​ល្បី​ល្បាញ​មួយ ក្នុង​ការ​ផលិត​សម្ភារៈ​នានា​ក្នុង​វិស័យ​កីឡា​នៅ​ជុំវិញ​ពិភពលោក។ លោក Phil Knight ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​តាម​រយៈ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សំលៀកបំពាក់ និង សម្ភារៈ​កីឡា ម៉ាក Nike ក្នុង​នាម​លោក​ជា​ប្រធាន​គ្រប់​គ្រង​ក្រុមហ៊ុន និង ជា​សហ​ស្ថាបនិក​ផ្ទាល់។ មក​ដល់​ដើម​ឆ្នាំ ២០១៦ នេះ​លោក Phil Knight ត្រូវ​បាន​គេហទំព័រ Forbes ចុះ​ផ្សាយ​ថា​គឺ​ជា​បុរស​មាន​ជាង​គេ​លើ​លោក​ចំណាត់​ថ្នាក់​លេខ ៣៥ ជាមួយ​ទ្រព្យ​សម្បត្តិ ២១,៥ ពាន់​លាន​ដុល្លារ។ តើ​បុរស​មាន​ជាង​គេ​លើ​លោក​ចំណាត់​ថ្នាក់​លេខ ៣៥ រូប​នេះ​មាន​បទពិសោធន៍​ការងារ​អ្វី​ខ្លះ​ក្នុង​ឆាក​ជីវិត​លោក​កន្លង​មក? លោក Phil Knight មាន​ឈ្មោះ​ពេញ​ថា Philip Hampson Phil Knight កើត​នៅ​ថ្ងៃ​ទី ២៤ កុម្ភៈ ឆ្នាំ ១៩៣៨ នៅ​ក្នុង​ទីក្រុង Portland រដ្ឋ Oregon ។ លោក Phil Knight បាន​ចូល​រៀន​​វិទ្យាល័យ​ មួយ​ក្នុង​តំបន់​មាន​ឈ្មោះ​ថា Cleveland High School។ ឪពុក​របស់​លោក​ គឺ​ជា​មេធាវី និង ជា​ម្ចាស់​រោង​បោះពុម្ព​កាសែត​ផង​នោះ​ មក​យក​លោក Phil Knight ឲ្យ​មក​ធ្វើ​ការងារ​ជាមួយ​ក្នុង​វិស្សមកាល​រដូវ​ក្ដៅ​ ដោយ​ថ្ងៃ​ណា​មួយ​ឪពុក​របស់​លោក​សង្ឃឹម​ថា Phil Knight នឹង​អាច​រក​ការងារ​ធ្វើ​ដោយ​ខ្លួន​ឯង។ ក្រោយ​មក​លោក Phil Knight បាន​ចូល​បម្រើ​ការងារ​ឲ្យ​កាសែត​គូប្រជែង​មួយ​ដែល​មាន​ឈ្មោះ​ថា Oregonian ដែល​លោក​ធ្វើ​ការ​ពេល​យប់ ដើម្បី​តាម​ដាន​លទ្ធផល​ពិន្ទុ​ព័ត៌មាន​កីឡា មុន​ចេញ​ផ្សាយ​នៅ​ពេល​ព្រឹក។ លោក Phil Knight បាន​បន្ត​ការ​សិក្សា​របស់​ខ្លួន​ក្នុង​សាកលវិទ្យាល័យ University of Oregon ដែល​ជា​កន្លែង​លោក​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​ ភាតរភាព​សង្គម និង​ក្លាយ​ជា​អ្នក​សារព័ត៌មាន​កីឡា ឲ្យ​កាសែត Oregon Daily Emerald និង​បាន​បញ្ចប់​ការ​សិក្សា​វិជ្ជាជីវៈ​សារព័ត៌មាន នៅ​ក្នុង​ឆ្នាំ ១៩៥៩។ ក្រោយ​បញ្ចប់​ការ​សិក្សា​ពី​ សាកលវិទ្យាល័យ University of Oregon លោក Phil Knight បាន​ចូល​បម្រើ​ក្នុង​ជួរ​កង​ទ័ព រយៈ​ពេល ១ ឆ្នាំ​ជា​ទ័ព​សកម្ម និង អស់​រយៈ​ពេល ៧ ឆ្នាំ​ជា​ទ័ព​បម្រុង​។ ក្នុង​អំឡុង​ពេល​បម្រើ​ការងារ​ជា​ទ័ព​សកម្ម​លោក Phil Knight បាន​ចូល​សិក្សា​នៅ​ក្នុង​សាលា Stanford Graduate School of Business នៅ​ក្នុង​ម៉ោង​សិក្សា​ស្តី​ពី​អាជីវកម្ម​ខ្នាត​តូច​ លោក Phil Knight បាន​ចាប់​ផ្តើម​ចាប់​អារម្មណ៍​ខ្លាំង​ខាង​ការ​អភិវឌ្ឍ​សម្ភារៈ​សម្រាប់​កីឡា ដោយ​ក្នុង​ពេល​សិក្សា​នោះ​លោក​បាន​បង្កើត​គម្រោង​អាជីវកម្ម​មួយ​រួច​ទៅ​ហើយ មុន​ពេល​ដែល​លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត ផ្នែក​គ្រប់​គ្រង​ពាណិជ្ជកម្ម នៅ​ក្នុង​ឆ្នាំ ១៩៦២។ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ភ្លាម​លោក Phil Knight បាន​រៀប​គម្រោង​ដើរ​ជុំវិញ​ពិភព​លោក​ដោយ​ពេល​នោះ​លោក​បាន​ទៅ​ឈប់​នៅ​ទីក្រុង Kobe ប្រទេស​ជប៉ុន នៅ​ខែ​វិច្ឆិកា ឆ្នាំ ១៩៦២ ដែល​ទី​នោះ​ហើយ​ជា​កន្លែង​ដែល​លោក​បាន​រក​ឃើញ​នូវ​ផលិតផល​ម៉ាក Tiger ដែល​ជា​ស្បែក​ជើង​ផលិត​ដោយ​ក្រុមហ៊ុន Onitsuka Co ដែល​ជា​ក្រុមហ៊ុន​ចំណាស់​មួយ​របស់​ជប៉ុន។ នៅ​ពេល​នោះ​លោក​មាន​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ទាំង​គុណភាព​ និង តម្លៃ​សម​រម​ ហើយ​លោក Phil Knight បាន​សុំ​​ជួប​ជា​មួយ​លោក Onitsuka ដោយ​ពេល​បញ្ចប់​នូវ​កិច្ច​ពិភាក្សា​រវាង​អ្នក​ទាំង​ពីរ លោក Phil Knight បាន​ទទួល​សិទ្ធ​ជា​ផ្លូវ​ការ​ក្នុង​ការ​នាំ​យក​ផលិតផល Tiger ទៅ​លក់​ចែកចាយ​នៅ សហរដ្ឋ​អាមេរិក។ នៅ​ក្នុង​ការ​យក​ផលិតផល Tiger ទៅ​លក់​លោក Phil Knight គឺ​បាន​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន Blue Ribbon Sport ដែល​ក្រោយ​មក​ទៀត​ក្រុមហ៊ុន​នេះ​ត្រូវ​លោក Jeff Johnson ដែល​ជា​មិត្តភ័ក្តិ​របស់​លោក Phil Knight បាន​ស្នើ​ប្តូរ​ឈ្មោះ​ទៅ​ជា Nike វិញ។ បន្តិច​ម្តងៗ​លោក Phil Knight បាន​ទិញ​យក​ស្ទើរ​តែ​ទាំង​ស្រុង​នូវ​ភាគ​ហ៊ុន របស់ Nike រហូត​មក​ដល់​ពាក់​កណ្តាល​ឆ្នាំ ២០១៥ លោក​ត្រូវ​បាន​ប្រកាស​ថា​ជា​នាយក​ប្រតិបត្តិ​ និង ជា​ប្រធាន​របស់​ក្រុមហ៊ុន Nike តែ​ម្តង។

0 comments:

Post a Comment

Copyright © 2016 Khmereads | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top