Tuesday, January 19, 2016

បុគ្គល​គំរូ ១០រូប ​​​​អភិវឌ្ឍ​​ខ្លួន​ពី​ជន​ក្រីក្រ​​​​​បំផុត​ទៅ​ជា​មហាសេដ្ឋី​ពិភពលោក

មនុស្ស​ភាគ​ច្រើន​ស្មាន​ថា ពួក​អ្នក​មាន​ទ្រព្យសម្បត្តិ​ច្រើនៗ​នៅ​លើ​ពិភពលោក​នេះ​គឺ​ដោយសារ​ពួកគេ​កើត​មក​ក្នុង​ត្រកូល​គ្រួសារ​ខ្ពង់ខ្ពស់​ និង​មាន​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ទៅ​ហើយ។ ប៉ុន្តែ ​បើ​គិត​ឲ្យ​លម្អិត​ទាក់ទង​នឹង​បញ្ហា​នេះ​ គេ​អាច​និយាយ​បាន​ថា​ ​អ្នក​មាន​ទ្រព្យសម្បត្តិ​ច្រើន មិន​ប្រាកដ​ថា មាន​ដើម​កំណើត​ចេញ​ពី​គ្រួសារ​អ្នក​មាន​ទេ តែ​ពួកគេ​ខ្លះ​កើត​ចេញ​ពី​គ្រួសារ​អ្នកក្រ​ដែរ ​គ្រាន់​តែ​ថា​​​អ្វី​ដែល​សំខាន់​នោះ គឺ​ការ​ខិត​ខំ​ប្រឹងប្រែង​ដើម្បី​លុប​បំបាត់​ភាព​ក្រីក្រ និង​ចាប់​យក​ឱកាស​ដើម្បី​ក្លាយ​ជា​អ្នក​មាន។ ដូច្នេះ​បើ​ទោះ​បី​ អ្នក​កើត​​ពី​ត្រកូល​អ្នក​ក្រ​ក្តី តែ​សូម​កុំ​បាក់ទឹកចិត្ត ហើយ​ព្យាយាម​ធ្វើ​យ៉ាងណា​ដើម្បី​រក​វិធី​អភិវឌ្ឍ​​ខ្លួន​ឆ្ពោះ​ទៅ​រកភាព​ជោគជ័យ​នៃ​ជីវិត។ ​ ខាងក្រោម​នេះ គឺ​ជា​សេដ្ឋី​ទាំង ១០​រូប​ដែល​សុទ្ធ​តែ​មាន​ធ្លាប់​ជួប​ប្រទះ​នឹង​ស្ថានភាព​ក្រ​លំបាក​យ៉ាង​ខ្លាំង មុន​ពេល​ទទួល​ជោគជ័យ​ដ៏​ធំធេង​ក្នុង​ជីវិត៖ ១) លោក Lloyd Blankfein ជា CEO របស់​ក្រុមហ៊ុន Goldman Sachs Group លោក Lloyd Blankfein កើត​នៅ​ឆ្នាំ ១៩៥៤ ក្នុង​ទីក្រុង​ New York សហរដ្ឋអាមេរិក។ កាល​ពី​នៅ​ក្មេង ដោយសារ​គ្រួសារ​មាន​ជីវភាព​ក្រ​លំបាក ​ពេក​ ​លោកបាន​ដើរ​លក់​ភេសជ្ជៈ​តាម​ផ្លូវ​ដើម្បី​សន្សំ​លុយ​ទៅ​រៀន។ ដោយសារ​តែ​រៀន​ពូកែ លោកបាន​ទទួល​អាហារូបករណ៍​សិក្សា​នៅ សាកលវិទ្យាល័យ​ Harvard។ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា ​យុវជន​ Blankfein ​ក៏​បាន​ចូល​បំរើ​ការងារ​នៅ​តាម​ក្រុមហ៊ុន មួយចំនួន រហូតដល់ ក្លាយជា CEO របស់​ក្រុមហ៊ុន Goldman Sachs Group​ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដ៏​ល្បី​នៅ​សហរដ្ឋ​អាមេរិក។ បច្ចុប្បន្ន​នេះ លោក គឺ​មហា​សេដ្ឋី​ម្នាក់ ក្នុង​ចំណោម​មហាសេដ្ឋីល្បីៗ​ផ្សេង​ទៀត​នៅ​លើ​ពិភពលោក ។ ២) លោក Ed Liddy ជា CEO របស់​ក្រុមហ៊ុន AIG កើត​នៅ​ឆ្នាំ ១៩៤៦ ក្នុង​ទីក្រុង New York សហរដ្ឋអាមេរិក​ នៅអាយុ១២ ឆ្នាំ ឪពុក​របស់ Ed Liddy បាន​ស្លាប់ ជាហេតុ​ធ្វើ​ឲ្យ​គ្រួសារ​ទាំង​មូល​ប្រឈម​បញ្ហា​ជីវភាព​ធ្ងន់ធ្ងរ ហើយ​ពេល​ខ្លះ​ក៏​គ្មាន​អាហារ​បរិភោគ​ផង​។ ប៉ុន្តែ​បើ​ទោះបីជា មាន​ការ​លំបាក​ក្តី ​យុវជន​ម្នាក់​នេះ​ ​បាន​ព្យាយាម​សិក្សា និង​ធ្វើ​ការ​រហូត​ក្លាយ​ទៅ​ជា​មហាសេដ្ឋី​ម្នាក់ ដែល​មាន​ទឹក​ប្រាក​រាប់ពាន់​លាន​ដុល្លា​ក្នុង​ដៃ។ ​​ ៣) លោក Sheldon Adelson ជា CEO របស់​ក្រុមហ៊ុន Las Vegas Sands ដោយសារ​តែ​មាន​ជីវភាព​ក្រីក្រ លោក បាន​ធ្វើ​ជា​អ្នក​បើក​តាក់ស៊ី​តាំង​ពី​ក្មេង​មក​ម៉្លេះ ហើយ​លោក​ក៏​ធ្លាប់​ដើរ​លក់​កាសែត​តាម​ដង​ផ្លូវ​ផង​ដែរ។ តែ​អ្វី​ដែល​មិន​គួរ​ឲ្យ​ជឿ​នោះ លោក Sheldon Adelson បាន​ក្លាយ​ជា CEO របស់​ក្រុមហ៊ុន Las Vegas Sands ហើយ​មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៣៦ ពាន់​លាន​​ដុល្លា​អាមេរិក។ ៤) លោក Roman Abramovich សេដ្ឋី​ជន​ជាតិ រុស្ស៊ី លោក Roman Abramovich បាន​កើត​ក្នុង​ប្រទេស​រុស្ស៊ី ក្នុងឆ្នាំ១៩៦៦។ កាល​ពី​នៅ​ក្មេង លោក​ធ្វើ​ជា​អ្នក​លក់​ឥវ៉ាន់​បន្តិច​បន្តួច​នៅ​តាម​ដង​ផ្លូវ។ ប៉ុន្តែ​ ក្រោយ​មក បាន​ព្យាយាម​ជំនះ​ឧបសគ្គ​ជា​ច្រើន រហូត​បាន​ក្លាយ​ជា​សេដ្ឋី​នៅ​អាយុ ៣០ឆ្នាំ។ លោក មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២៣ ពាន់​លាន​ដុល្លា​អាមេរិក។ ៥) លោក Ingvar Kamprad ជា​សេដ្ឋី​ជន​ជាតិ ស៊ុយអែត ​ ​ កើត​ក្នុង​ឆ្នាំ ១៩២៦ ក្នុង​​ប្រទេស​ស៊ុយអែត។ កាល​ពី​កុមារភាព លោក​គឺ​ជា​លក់​ឈើគូស​នៅ​តាមដង​ផ្លូវ។ ក្រោយ​មក​ទៀត លោក ក៏បាន លក់ ត្រី លក់ ប៊ិច និង របស់របរ​ជា​ច្រើន​ទៀត រហូត​មាន​លទ្ធភាព​បើក​ក្រុមហ៊ុន​លក់​រាយ​ក៏​ធំ​មួយ​ឈ្មោះ​ថា IKEA។ នៅ​ពេល​បច្ចុប្បន្ន​នេះ​លោក មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២៣ ពាន់​លាន​ដុល្លា​អាមេរិក។ ៦) លោក Karl Albrecht សេដ្ឋី​ជនជាតិ​អាល្លឺម៉ង់ លោក Karl Albrecht កើត​នៅ​ឆ្នាំ ១៩២០ ក្នុង​ប្រទេស​អាល្លឺម៉ង់។ កាល​ពី​នៅ​ក្មេង លោក​មាន​ជីវភាព​លំបាក​យ៉ាង​ខ្លាំង ហើយ​លោក​ក៏​ធ្លាប់​ចូល​បំរើ​កងទ័ព​ក្នុងសង្រ្គាមលោកលើកទី២ ផង​ដែរ​ តែ​ក្រោយ​ ពេល​សង្គ្រាម​បញ្ចប់ លោក​បាន​បើក​ហាង​លក់​គ្រឿង​ទេស​ ទទួល​បាន​​ជោគជ័យ រហូត​ក្លាយ​ទៅ​ជា​មហា​សេដ្ឋី​នៅ​អាល្លឺម៉ង់។ ៧) លោក Amancio Ortega Gaona សេដ្ឋី​ជន​ជាតិ​អេស្ប៉ាញ លោក កើត​ក្នុង​ប្រទេស​អេស្ប៉ាញ ឆ្នាំ១៩៣៦។ គ្រួសារ​របស់​លោក មាន​ជីវភាព​ក្រីក្រ​យ៉ាង​ខ្លាំង ហើយ​លោក​ក៏​ស៊ី​ឈ្នួល​លក់​ទំនិញ​ឲ្យ​គេ​តាំង​ពី​វ័យ​ក្មេង។ ក្រោយ​ពី​សន្សំ​លុយ​បាន​ខ្លះ បូក​ផ្សំ​ជា​មួយ​បទ​ពិសោធ​យ៉ាង​ច្រើន​ទាក់ទង​ជំនាញ​លក់​នេះ លោក​បាន​បើក​ហាង​លក់​ទំនិញ​ផ្ទាល់​ខ្លួន ក្នុង​ឆ្នាំ ១៩៧៥ ហើយ​ភាព​ជោគជ័យ​ក៏​ចេះ​តែ​កើត​មាន រហូត​ក្លាយ​ជា​សេដ្ឋី។ បច្ចុប្បន្ន លោក​មាន​ទ្រព្យ​សម្បត្តិ​សរុប ៦៤ ពាន់​លាន​ដុល្លា​អាមេរិក (ផ្អែក​ទៅ​លើ​ Forbes)។ ៨) លោក Howard Schultz ជាCEO របស់​ក្រុមហ៊ុន​កាហ្វេ Starbucks លោក Howard Schultz ​កើត​ក្នុង​ទី​ក្រុង ​New York សហរដ្ឋអាមេរិក។ គ្រួសារ​របស់​លោក មាន​ជីវភាព​ក្រីក្រ​យ៉ាង​ខ្លាំង​ដែល​ធ្វើ​ឲ្យ ការ​រស់​នៅ​ជួប​ប្រទះ​នឹង​ការ​លំបាក​ជា​ច្រើន។ ប៉ុន្តែ​លោក​តែង​តែ​ព្យាយាម​ជំនះ​ភាព​ក្រីក្រ​ជានិច្ច​ដើម្បី កាត់​បន្ថយ​ភាព​ក្រីក្រ។ លោក បាន​ចាប់​ផ្តើម​ធ្វើ​ជំនួញ​ជា​មួយ​នឹង​ហាង​កាហ្វេ​តូច​មួយ​ដែល​មាន​ឈ្មោះថា Starbucks។ អាជីវកម្ម​នេះ ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង ហើយ​ក៏​បាន​ពង្រីក​សាខា​ជា​ច្រើន​នៅ​អាមេរិក។ ៩) លោក Kenny Troutt ប្រធាន​ក្រុមហ៊ុន Excel Communicationsរបស់​អាមេរិក លោក កើត​មក​ក្នុង​គ្រួសារ​អ្នកក្រ ដែល​មាន​ឪពុក​ធ្វើ​ជា​អ្នក​បម្រើ​ការ​ក្នុង​រង្គសាល ​ដែល​ប្រាក់ខែ​មិន​គ្រប់​សម្រាប់​បង់​ថ្លៃ​សាលា​ផង​ដែរ​។ ដោយ​ការ​ខិត​ខំប្រឹង​ប្រែង លោក បាន​ជោគជ័យ​ខ្លាំង​ក្នុង​ការ​បើក​ក្រុមហ៊ុន Excel Communications ក្នុង​ឆ្នាំ ១៩៩៨ ហើយ​បច្ចុប្បន្ន​លោក មាន​ទ្រព្យសម្បត្តិ​សរុប ១,៧ ពាន​លាន​ដុល្លា​អាមេរិក។ ១០) លោក Laxmi Mittal សេដ្ឋី​ជនជាតិ​ឥណ្ឌា លោក Laxmi Mittal មាន​ដើម​កំណើត​ក្នុង​រដ្ឋ Rajasthan ប្រទេស​ឥណ្ឌា ឆ្នាំ ១៩៥០។ កាល​ពី​នៅ​កុមារ លោក​ប្រឈម​នឹង​បញ្ហា​ជីវភាព​ខ្លាំង ហើយ​សូម្បី​តែ​កន្លែង​គេង​ក៏​លោកមិន​មាន​គ្រប់គ្រាន់​ឡើយ ព្រោះ​គ្រួសារ​របស់​លោក មាន​សមាជិក​សរុបដល់​ទៅ​២០នាក់ឯណោះ។ យ៉ាងណាក៏ដោយ ជីវភាព​ក្រីក្រ​មិន​អាច​រារាំង​ជីវិត​របស់​លោក ក្នុង​ការ​ក្លាយ​ទៅ​ជា​សេដ្ឋី​នោះ​ទេ។ លោក ក្លាយទៅជា CEO របស់​ក្រុមហ៊ុន ArcelorMittal ហើយ​មាន​ទ្រព្យ​សម្បត្តិ​សរុប ២៨ លាន​ដុល្លា​អាមេរិក​នៅពេល​បច្ចុប្បន្ន៕

0 comments:

Post a Comment

Copyright © 2016 Khmereads | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top