Wednesday, January 20, 2016

ទាមទារ​សង​ថ្លៃ​បណ្ណាការ​វិញ ចុះ​ភាព​ក្រមុំ​របស់ខ្ញុំ​ត្រូវ​ទាមទារ​ពី​អ្នកណា​?​

ប្រុស​ស្អាត​«​ប្រជាប្រិយ​»​នាង​ខ្ញុំ​មាន​បញ្ហា​ផ្ទាល់ខ្លួន​ដែល​ចង់​សុំឱ្យ​ប្រុស​ស្អាត​ជួយ​ដោះស្រាយ ។ នាង​ខ្ញុំ​សូម​លាក់​ឈ្មោះ រស់នៅ​ក្រុងភ្នំពេញ​មាន​ជីវភាព​សមរម្យ អាយុ​ទើបតែ ២០ ឆ្នាំ ប៉ុន្តែ​ជួប​រឿង​អភ័ព្វ​ដោយបាន​ធ្លាក់ខ្លួន​ជា​ស្រី​មេម៉ាយ​ទាំង​វ័យក្មេង ហើយ​គេ​ទាមទារ​ឱ្យចេញ​សង​ថ្លៃ​បណ្ណាការ​គេ​ទៀត បើ​ខ្ញុំ​មិន​ព្រម​វិល​រួមរស់​ជាមួយ​គេវិញ​ទេនោះ ។​ដំណើររឿង​របស់ខ្ញុំ​គឺមាន​បុរស​ម្នាក់​បាន​តាម​ស្រឡាញ់​រូបខ្ញុំ​ទាំង​ដឹងថា ខ្ញុំ​កំពុង​ស្ថិតនៅក្នុង​វ័យ សិក្សា​មិនទាន់មាន​ចិត្តគំនិត​ចង់បាន​គូ​អនាគត​អ្វី​ទេ ប៉ុន្តែ​បុរស​នោះ​ចេះតែ​ព្យាយាម​តាម​សួរ​ចិត្ត និង មិនតែប៉ុណ្ណោះ​គេ​បានឱ្យ​ឪពុកម្តាយ​គេ​ចូល​ស្តីដណ្តឹងដល់​ឪពុកម្តាយ​ខ្ញុំ​តាម​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ ធ្វើឱ្យ​ពួកគាត់​មានការ​ទន់​ចិត្ត​យល់ព្រម​លើក​កូនស្រី​ឱ្យទៅ​គេ​ដោយ​ទារ​ថ្លៃ​បណ្ណាការ ៨ ពាន់​ដុល្លារ ។ ដោយសារ​ខ្ញុំ​ជា​កូនស្រី​ដែល​ស្តាប់​ដំបូន្មាន​ឪពុកម្តាយ ក៏​យល់ព្រម​តាម​សុខចិត្ត​ឈប់រៀន​ហើយ​ចូល​រោងការ ប៉ុន្តែ​ក្រោយពី​ខ្ញុំ​រៀបការ​បាន​មិន​ដល់​មួយខែ​ផង គេ​បាន​ប្រើ​អំណាច​ជា​ស្វាមី​គាបសង្កត់​ទាំង​ផ្លូវកាយ​ផ្លូវចិត្ត យប់​ឡើងទៅ​ផឹកស៊ី​ស្រី​ញី​អូន​បង​ក្រៅ​ផ្ទះ ពេលណា​សួរនាំ​គាត់​តែង​គំហក​គំរាមកំហែង​មិនឱ្យខ្ញុំ​និយាយ​អ្វី​បាន​សោះឡើយ ។ អាកប្បកិរិយា និង សកម្មភាព​របស់គាត់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​កាន់តែ​ធ្វើឱ្យ​ខ្ញុំ​ឆ្អែត​ចិត្ត​តឹងទ្រូង ពិសេស​មាន​អារម្មណ៍​មិន​ចូលចិត្ត​ថែមទាំង​ស្អប់​គាត់​ជាខ្លាំង​រហូត​លែង​ចង់ឃើញលែង​ចង់​ជួប​មុខ​គាត់​តទៅទៀត ។ ដោយ​ទ្រាំ​អត់ធ្មត់​បន្តទៀត​លែង​បាន​ទើប​ខ្ញុំ​សម្រេចចិត្ត ចាក​ចេញពីផ្ទះ​ដោយ​មិនបាន​ប្រាប់​គាត់​ទៅសំងំ​នៅផ្ទះ​មិត្តភក្តិ​របស់ខ្ញុំ​ដើម្បីឱ្យ​រសាយចិត្ត ។ មិន​ត្រឹមតែ​មិន​យល់ចិត្ត​ខ្ញុំ ឬ លួងលោម​ចិត្ត​ខ្ញុំ​ទេ​គាត់​បែរជា​ចងកំហឹង​ជាមួយ​ខ្ញុំ ហើយ​ចោទប្រកាន់​ខ្ញុំ​ថា​ចុះចោល​ផ្ទះ​ទៅតាម​ប្រុស​ថ្មី បើ​ខ្ញុំ​មិន​ព្រម​វិលត្រឡប់​ចូល​ផ្ទះ វិញ​ទេនោះ​គាត់​នឹង​ប្តឹង​ឱ្យ​សង​ថ្លៃ​បណ្ណាការ​ទាំងអស់​ឱ្យ​គាត់​វិញ ។ ត្រង់ចំណុច​នេះ​ខ្ញុំ​សូមឱ្យ ប្រុស​ស្អាត​«​ប្រជាប្រិយ​»​ជួយ​បង្ហាញផ្លូវ​ខ្ញុំ​ផង ព្រោះ​គាត់​ហាសម្តី​ឡើង​ទាមទារ​សំណង​ថ្លៃ​បណ្ណាការ​ដោយ​ពុំបាន​គិតដល់​ការខូចខាត​ទាំង​ផ្លូវកាយ និង ផ្លូវចិត្ត​ខ្ញុំ​បន្តិច​ណា​សោះឡើយ ហេតុនេះ​ខ្ញុំ​ចង់​សួរ​ទៅ​គាត់​វិញ​ថាបើ​គាត់​ចង់បាន​ថ្លៃ​បណ្ណាការ​វិញចុះ​តើ​ក្រមុំ​ខ្ញុំ​អ្នកណា​ជា​អ្នក​ចេញសង ? ​ពី​ប្រុស​ស្អាត​«​ប្រជាប្រិយ​» ​នាង​គួរឱ្យ​អាណិត​ណាស់​បើ​ស្តាប់​តាម​ការរៀបរាប់​របស់​នាង​នោះ​គឺ​នាង​មិនទាន់​ចង់បាន​ស្វាមី ទេ​ព្រោះ​កំពុងស្ថិត​ក្នុងការ​សិក្សា តែ​ដើម្បី​កេរ្តិ៍ឈ្មោះ កិត្តិយស​ឪពុកម្តាយ​ស្តាប់​ដំបូន្មាន​គាត់​ទើប​នាង​យល់ព្រម​រៀបការ ។ ហេតុនេះ​នាង​ជា​នារី​ម្នាក់​ដែល​គោរព​តាម​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ និង ជា​កូនស្រី​ល្អ​ម្នាក់ ប៉ុន្តែ​បែរជា​ពេល​បាន​ស្វាមី​មិន​សម​តាម​បំណង​ប៉ះចំ​បុរស​ដែល​ចូលចិត្ត​ដើរ​លេងសើច​សប្បាយ ក្រៅ​ផ្ទះ និង ប្រើ​ហិង្សា​លើ​នាង​ទើប​ធ្វើឱ្យ​នាង​មិនអាច​ទ្រាំ​រួមរស់​ជាមួយ​តទៅទៀតបាន ។ ត្រង់ចំណុច​នេះ​ខ្ញុំ​មិន​បន្ទោស​នាង​ទេ គឺ​គ្រាន់តែ​ចង់ឱ្យ​នាង​ងាក មក​ធ្វើការ​ត្រិះរិះ​ពិចារណា​ឱ្យបាន​វែងឆ្ងាយ​ឡើងវិញ​ថា ហេតុអ្វី​មុន​ឈាន​ជើង​ចាក​ចេញពីផ្ទះ​នាង​មិន​ព្រម​ផ្តល់ដំណឹង​ឬ​ប្រាប់​ឱ្យ​ស្វាមី​បានដឹង​ពី​អំពើ និង សកម្មភាព​មិនល្អ​រប​ស់​ស្វាមី​ដែល​ធ្វើឱ្យ​នាង​មិនអាច​ទ្រាំទ្រ​រស់នៅ​ជាមួយគ្នា​បន្តទៀត ? ជា​ការពិតហើយ ព្រោះតែ​នាង​ខឹង​នឹង​ចរិតមិនល្អ​របស់​ស្វាមី​ទើប​មិន​ចង់​និយាយ ឬ ចង់​ជ្រលក់​ជាមួយ​ស្វាមី​ហើយ​នាង តែង​គេច​មិន​ចង់​ជួប​មុខ​ស្វាមី ប៉ុន្តែ​នៅពេលដែលនាង​ធ្វើ​ដូច្នេះ​អាចធ្វើឱ្យ​ស្វាមី​មាន​អារម្មណ៍​យល់​ខុស កើត​ចិត្ត​ប្រចណ្ឌ​ខុស​រឿង គិតថា​នាង​អត់​មានចិត្ត​ស្រឡាញ់​រូបគេ​ជា​ស្វាមី​ទេ ពោលគឺ​គេ​បាន​រូប​កាយ​នាង​ពិតមែន រីឯ​ចិត្តគំនិត​បេះដូង​របស់​នាង​អាចមាន​អ្នកផ្សេង​ទៅវិញ ដែលជា​កត្តា​មួយ​កាន់តែ​ធ្វើឱ្យស្វាមី​មានការ​ក្តៅក្រហាយ​ក្នុង​ចិត្ត​ធ្វើ​សកម្មភាព​ផ្គើន​ចិត្ត​នាង។ ​ពេលដែល​នាង​ចាក​ចេញពីផ្ទះ​ដោយ​មិនបាន​ប្រាប់​ទៀត​នោះ​រឹតតែ​ស្របទៅតាមការសង្ស័យ​របស់​ស្វាមី ហើយ​ដែល​អាច​ឱ្យគេ​គិត ថា​នាង​ទៅតាម​បុរស​ដែល​នាង​ស្រឡាញ់​មែនហើយ បើ​ទោះ​នាង​ទៅ​ស្នាក់​នៅផ្ទះ​មិត្តភក្តិ​ពិតមែន​ក៏​គេ​មិន​ជឿ​ដែរ ។​ចាន​នៅក្នុង​រាវ​លែង​អ្វី​នឹង​មិនមាន​រណ្តំ យ៉ាងណាមិញ​ជីវិត​គូ​ស្វាមីភរិយា​តែង​ប៉ះទង្គិច​សម្តី​គ្នា​ខ្លះ​ជាមិនខាន ហេតុដូច្នេះ​បើ​នាង​ដាក់ចិត្ត​ថា​ព្រម​ធ្វើជា​ភរិយា​ពេញ​ច្បាប់​របស់គេ​ហើយ​នោះ​គួរតែ​នាង ចេះ​រក​វិធី​ដោះស្រាយ​បញ្ហា​ភ្លាមៗ​ជាមួយ​ស្វាមី​ដោយ ចេះ​រក​ពេលវេលា​សមស្រប​ដើម្បី​និយាយ​គ្នា មិនមែន​ពេល​ឃើញ​មុខ​គេ​ភ្លាម​មិនទាន់​បាត់​ហត់​ផង​ក៏​លើក​រឿង ឬ បញ្ហា​ផ្សេងៗ​មក​និយាយ​ប្រាវៗ​នោះ​ក៏​មិនល្អ​ដែរ ។ យ៉ាងណា​ក៏​ខ្ញុំ​ជឿថា​នាង​ជា​អ្នករៀន សូត្រ​ចេះដឹង​ពិតជា​មិន​ធ្វើបែបនេះ​ឡើយ ។ ឥឡូវ យើង​ងាក​មក​និយាយ​រឿង​ស្វាមី​ទារ​បណ្ណាការ ហើយ​នាង​សួរ​ថាបើ​ដូច្នេះ​«​ក្រមុំ​ខ្ញុំ​អ្នកណា​សង ?» ។ បើតាម​ស្តាប់​ការរៀបរាប់​របស់​នាង​គឺ​ស្វាមី​របស់ នាង​ចង់ឱ្យ​នាង​វិលត្រឡប់​ចូល​ផ្ទះ​ដូចដើម​វិញ​នោះគេ​ក៏​មិន​ទាមទារ​អ្វី​ដែរ ។ តើ​នាង​គិត​ធ្វើ​បែបណា ? ត្រូវ​ទៅ​រស់នៅ​ជួបជុំគ្នា​រៀបចំ​ដំណើរ​ជីវិត​គ្រួសារ​ឱ្យ ល្អប្រសើរ​ឡើងវិញ ឬ សម្រេចចិត្ត​ចាកចេញ​ពី​រូបគេ ? ខ្ញុំ​គ្រាន់តែ​លើក​ជា​ពាក្យស្លោក​ឱ្យ​នាង​ត្រិះរិះ​ទៅ​ចុះ​ថា​«​យើង​មិនអាច​កែប្រែ​អតីតកាល​បានទេ តែ​យើង​អាច​កែប្រែ​អនាគត​បាន​ដោយ​ចាប់ផ្តើម​ពី​បច្ចុប្បន្ននេះ​តទៅ ឬមួយ​​សុខចិត្ត​ចប់​ដោយ​ការឈឺចាប់​ប្រសើរ​ជាង​ទ្រាំ​នៅ​ឈឺចាប់​ដោយ​មិនមាន ថ្ងៃ​បញ្ចប់​នោះ ។ ​ខ្ញុំ​គ្រាន់តែ​ផ្តាំ​ជា​ចុងក្រោយ​ថា ដោយសារ​នាង​រៀបការ​តាម​ប្រពៃណី​ជា​ស្វាមីភរិយា​ស្របច្បាប់ ហេតុនេះ​បើ​ចង់​ចែកផ្លូវ​គ្នា​មិនមែន​បញ្ចប់​ត្រឹមតែ​គ្នាឯង​ពីរ​នាក់​នោះបានទេ ចាំបាច់​ទាល់តែ​ឆ្លងកាត់​ការកាត់ក្តី​ពី​តុលាការ ហើយ​រឿង​ទារ​ថ្លៃ​បណ្ណាការ ឬ ទារ​សង​ក្រមុំ​ក៏​ជា​រឿង​ដែល​ត្រូវ​ទៅ​ដោះស្រាយ​គ្នា​ក្នុង​តុលាការ​ដែរ ៕

0 comments:

Post a Comment

Copyright © 2016 Khmereads | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top