Monday, January 18, 2016
វិធី៥យ៉ាងដើម្បីបង្កើនប្រឌិតញាណ
ប្រឌិតញាណ (Creativity) គឺជាសមត្ថភាពក្នុងការច្នៃច្បាប់ទម្លាប់ចាស់ គំនិត ឬអ្វីៗផ្សេងៗ ហើយបង្កើតអ្វីដែលថ្មីតាមរយៈការមិនយកលំនាំតាមនរណា តាមមនោគតិ(នឹកគិត) ។ល។ ខណៈដែលប្រឌិតញាញគឺជាគុណសម្បត្តិពីធម្មជាតិចំពោះបុគ្គលខ្លះ ប្រឌិតញាណបានកប់បាត់ ហើយមិនអាចប្រើប្រាស់បានដោយសារតែភាពស្មុគស្មាញ និងភាពតប់ប្រមល់ក្នុងជីវិតប្រចាំថ្ងៃ។ មានវិធីជាច្រើនដែលអាចបង្កើន និងធ្វើឲ្យប្រសើរឡើងប្រឌិតញាណរបស់អ្នកដែលបានកប់បាត់នោះ។ប៉ុន្តែថ្ងៃនេះ«គំនិត»សូមលើកយកវិធី៥យ៉ាងមកលាតត្រដាង។ តើវិធីប្រាំយ៉ាងណាខ្លះដែលធ្វើឲ្យប្រសើរឡើងប្រឌិតញាណ ឬភាពច្នៃប្រឌិតរបស់អ្នក? កុំបង្អង់យូរ ខាងក្រោមនេះគឺជាវិធីដែលអ្នកអាចយកទៅប្រើប្រាស់បាន!
ហ្វឹកហ្វឺនគំនិតប្រាជ្ញា
ការហ្វឹកហ្វឺនគំនិតប្រាជ្ញាគឺជាវិធីដ៏ល្អមួយសម្រាប់បង្កើនប្រឌិតញាណរបស់អ្នក។ ប្រៀបដូចជាខ្លួនប្រាណរបស់យើងអញ្ចឹង គំនិតប្រាជ្ញាត្រូវការហ្វឹកហ្វឺនដើម្បីធ្វើឲ្យសាច់ដុំនៃភាពច្នៃប្រឌិតមានភាពសកម្មឡើងហើយធ្វើឲ្យមានភាពប្រសើរឡើង។ ហ្វឹកហ្វឺនខួរក្បាលរបស់អ្នកតាមរយៈការរៀនមុខវិជ្ជា ឬមុខជំនាញថ្មីៗ ធ្វើការពិភាក្សាលើប្រធានបទផ្សេងៗ ដូចជានយោបាយ បច្ចេកវិទ្យា វិទ្យាសាស្ត្រ ។ល។ និងធ្វើការប្រាស័យទាក់ទង និងសំណេះសំណាលជាមួយមនុស្សដែលអ្នកគិតថាមានប្រឌិតញាណ និងឆ្លាតវៀងវៃ។ សកម្មភាពទាំងអស់ខាងលើនេះ និងធ្វើឲ្យប្រឌិតណាណរបស់អ្នកមានភាពរីកចម្រើន។
ក្តីស្រឡាញ់ និងការចូលចិត្ត
ជ្រុងមួយនៃភាពច្នៃប្រឌិត ឬប្រឌិតញាណគឹក្តីស្រឡាញ់និងការចូលចិត្ត។ ជាធម្មតាមនុស្សណាម្នាក់ដែលស្រឡាញ់និងចូលចិត្តលើជំនាញ ឬមុខវិជ្ជាអ្វីមួយ គេមានការវិវឌ្ឍន៍សមត្ថភាព និងចាប់បានផ្នែកនោះបានយ៉ាងលឿន។ ការស្រឡាញ់ និងចូលចិត្តអ្វីមួយដែលផុសចេញពីចិត្តនឹងធ្វើឲ្យអ្នកឈ្នះរាល់ឧបសគ្គទាំងអស់។ ស្វែងយល់ពីខ្លួនឯង ហើយរកឲ្យឃើញនូវអ្វីដែលអ្នកស្រឡាញ់ ឬចង់ធ្វើ ដែលផុសចេញពីក្រអៅបេះដូងរបស់អ្នក។ ការធ្វើនូវអ្វីដែលយើងស្រឡាញ់ និងចង់ធ្វើ គឺជាកត្តាដែលជួយឲ្យប្រឌិតរបស់អ្នកមានភាពវិវឌ្ឍន៍ទៅមុខជាលំដាប់។
ផ្លាស់ប្តូរទម្លាប់របស់អ្នក
ពេលខ្លះ ប្រឌិតញាណត្រូវបានកប់បាត់ដោយសារតែអារម្មណ៍ធុញទ្រាន់ ហើយនិងភាពមានទម្លាប់ដដែលៗរបស់អ្នក។ ជីវិតប្រចាំថ្ងៃមួយភាគធំគឺពឹងផ្អែកទៅលើកាលវិភាគដដែលៗ ដូចជាពេលដែលត្រូវក្រោកពីដំណេក ផ្លូវដែលអ្នកធ្វើដំណើរទៅសាលាឬ កន្លែងធ្វើការ ទន្សាវដ្តី កាសែតអ្នកអានរាល់ថ្ងៃ អាហារដែលយើងបរិភោគ និងកម្មវិធីទូរទស្សន៍ដែលអ្នកទស្សនា។ ដើម្បីបង្កើនប្រឌិតញាណរបស់អ្នក អ្នកគួរធ្វើការផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃខ្លះៗ។ អ្នកគួរតែព្យាយាមផ្លាស់ប្តូររសជាតិនៃជីវិតប្រចាំថ្ងៃ ដោយសាកល្បងធ្វើអ្វីដែលអ្នកមិនធ្លាប់ធ្វើ មើលកម្មវិធីណាដែលប្លែកៗ ដែលសកម្មភាពនេះ នឹងធ្វើឲ្យប្រឌិតញាណរបស់អ្នកមានភាពប្រសើរឡើង។
អាន
ខណៈដែលការអានបានផ្តល់នូវផលប្រយោជន៍ជាច្រើនដល់គំនិតប្រាជ្ញា ការអានក៏អំណោយផលដល់ការបង្កើនប្រឌិតញាណផងដែរ។ ការអានគឺជាសកម្មភាពហ្វឹកហ្វឺនខួរក្បាលរបស់អ្នក ហើយវាក៏បានផ្តល់ឲ្យអ្នកនូវការជំរុញទឹកចិត្តឲ្យមានភាពច្នៃប្រឌិតផងដែរ។ ចូរ អានឲ្យបានច្រើនដែលអាចធ្វើទៅបានអំពីប្រធានបទ និងមុខជំនាញផ្សេងៗគ្នា។ អ្នកគួរតែគិតពិចារណាអានទៅលើប្រធានបទណាដែលអ្នកមិនចាប់អារម្មណ៍ពីមុន។ ការធ្វើដូចនេះ នឹងអាចធ្វើឲ្យពន្លកប្រឌិតញាណរបស់អ្នកផុសឡើង។
ចែកពេលវេលាខ្លះសម្រាប់ភាពស្ងប់ស្ងាត់
កាលវិភាគប្រចាំថ្ងៃដ៏សែនមមាញឹក និងការមិនបានសម្រាករបស់ខួរក្បាលគឺជាហេតុដែលមិនអំណោយផលដល់ប្រឌិតញាណ។ ទុកពេលខ្លះប្រចាំថ្ងៃរបស់អ្នកសម្រាប់ភាពស្ងប់ស្ងាត់ដើម្បីធ្វើឲ្យអារម្មណ៍ស្រស់ថ្លា និងការសម្រាក់នៃរាងកាយ។ ក្នុងរយៈពេលស្ងប់ស្ងាត់នេះ អ្នកអាចធ្វើសមាធិ ក៏សម្រាកនៅបន្ទប់ស្ងាត់ណាមួយដែលគ្មានការរំខាន នៅក្នុងសួនច្បារ ឬនៅតាមឆ្នេរសមុទ្រ ។ល។
0 comments:
Post a Comment