Sunday, January 17, 2016
តើផ្កាឈូករ័ត្នមានអត្ថប្រយោជន៍យ៉ាងណាខ្លះ?
ផ្កាឈូករត្ន័ជាផ្កាមួយប្រភេទដ៏ស្រស់ស្អាត ដោយខ្នាតដ៏ធំរបស់វានៅពេលរីកពេញលេញរួមផ្សំនឹងពណ៌លឿងស្រស់ ដែលផ្តល់នូវអារម្មណ៍ស្រស់ថ្លា នៅពេលបានប៉ះនឹងខ្សែនេត្រារបស់អ្នកគយគន់។ ប៉ុន្តែអ្នកដឹងទេថានៅមានរឿងល្អ ដែលមានគុណតម្លៃ និងប្រយោជន៍ចំពោះមនុស្សយើង ច្រើនជានេះទៅទៀត ដែលបង្កប់នៅក្នុងភាពស្រស់ស្អាតនៃរូបរាង និងពណ៌ស្អាតរបស់វា។ផ្កាឈូករ័ត្នមានឈ្មោះជាភាសាអង់គ្លេសថា “Sunflower” ចំណែកឈ្មោះវិទ្យាសាស្ត្ររបស់វាគឺ Helianthus annuus Linn ជារុក្ខជាតិក្នុងត្រកូល Compositae ។
លក្ខណៈទូទៅៈ
ផ្កាឈូករ័ត្នមានដើមកំណើតនៅទឹកដីទ្វីបអាមេរិកខាងជើង ដែលក្រោយមកត្រូវបានគេនាំទៅពង្រីកពូជពង្ស នៅទ្វីបផ្សេងៗស្ទើរពេញពិភពលោក ព្រោះងាយស្រួលដាំ និងឆាប់ធំធាត់ ជាពិសេសនៅតំបន់ដែលមានអាកាសធាតុក្តៅ។ វាជារុក្ខជាតិដែលមានអាយុខ្លីត្រឹមតែ១ឆ្នាំប៉ុណ្ណោះ។ កម្ពស់របស់វាប្រមាណ១ម៉ែត្រទៅ៣ម៉ែត្រ តែជាមធ្យមគឺពី១ទៅ១ម៉ែត្រកន្លះ។ ដើមរបស់វាបញ្ឈរត្រង់មានរោមគ្របដណ្តប់។ ស្លឹករបស់វាជាបែបស្លឹកទោលក្នុងលក្ខណៈរៀងឆ្លាស់គ្នា (Alternate) ស្លឹកមានទំហំធំតែមើលទៅស្អាតព្រោះមានរាងដូចបេះដូង។ តាមគែមស្លឹកមានរាងគន្លាក់ៗដូចធ្មេញរណា។ ចំណែកចុងស្លឹកមានរាងរៀវស្រួច ស្លឹកវាពណ៌ខៀវចាស់។ រីឯផ្ការបស់វាចេញជាកញ្ចុំខ្នាតធំដែលខ្លះមានទំហំរហូតដល់៣០ស.ម ស្រទាប់ផ្កាវង់ខាងក្រៅរបស់វាមានពណ៌លឿងខ្ចី។ វាមានគ្រាប់ពណ៌ស លាយលឿង ឬពណ៌ខ្មៅ អាចពង្រីកពូជបានដោយការព្រោះគ្រាប់។
គុណប្រយោជន៍
ផ្កាឈូករ័ត្ន ក្រៅពីមានភាពស្រស់ស្អាត គួរឲ្យចាប់ចិត្តគយគន់ហើយនោះក៏នៅមានគុណប្រយោជន៍គ្រប់ផ្នែក ទាំងឬស ដើម ស្លឹក ផ្កា គ្រាប់។ ស្លឹករបស់វាគេប្រើថ្នាំព្យាបាលអាការៈឈឺចាប់ផ្សេងៗ ដូចជាឈឺពោះ បន្ធូរអាការចុកណែនទ្រូង ហើមជាំ ព្រមទាំងជាថ្នាំបញ្ចុះនោម បញ្ចុះមេរោគរួមទាំងជួយព្យាបាលអាការៈរោគទឹកនោមផ្អែម និងហឺតបានផងដែរ។ ដើមរបស់វាគេប្រើជាថ្នាំបញ្ចុះនោម ថ្នាំបន្ធូរអាការៈក្អក រួមទាំងយកមកបុកឲ្យម៉ត់ដើម្បីបិទដំបៅ ឬរបួសថ្មីៗ ដែលមានឈាមចេញមកបាន។ ផ្ការបស់វាប្រើជាថ្នាំព្យាបាលអាការៈឈឺក្បាល ឈឺធ្មេញ ឈឺក្រពះ ឈឺចាប់ពេលមានរដូវ បណ្តេញខ្យល់ បំបាត់អាការៈវិលមុខ។ ចុងក្រោយ គឺគ្រាប់របស់ផ្កាឈូករ័ត្ន ក្រៅពីយកមកទទួលទានលេងយ៉ាងមានប្រយោជន៍ហើយនោះ អាចប្រើជាអាហារសម្រាប់សត្វចិញ្ចឹម ដូចជាសេក សារិកា ឬប្រើជាថ្នាំផ្តាសាយ ថ្នាំកម្ចាត់ស្លេស្មល៍ ហើយសម្បកគ្រាប់របស់វាប្រើព្យាបាល អាការៈត្រចៀកធ្ងន់បានដែរ៕
0 comments:
Post a Comment