Sunday, January 17, 2016

វិធីងាយៗ៣យ៉ាង អាច​ពង្រឹង​ការ​ចង់​ចាំ និងបង្កើន​ថាមពល​ខួរ​ក្បាល!

មនុស្ស​ភាគ​ច្រើន តែង​ប្រឈម​នឹង​បញ្ហា​តាន​តឹង​ក្រោយ​ពេល​ ​ធ្វើ​ការ​ជា​ច្រើន​ម៉ោង ក្នុងមួយថ្ងៃៗ។ បើ​តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា បញ្ហា​តានតឹង​ខ្លាំង​ពេក​អាច​បណ្តាល​ឲ្យ​មនុស្ស​ចុះ​ខ្សោយ​ប្រព័ន្ធ​ចងចាំ និង​ធ្វើ​ឲ្យ​ពួក​គេ​ឆាប់​បែក​អារម្មណ៍​ (មិន​អាច​ធ្វើ​ការងារ​អ្វី​បាន​ល្អ) ដូច្នេះ​ហើយ​បាន​ជា​មនុស្ស​ភាគ​ច្រើន​​ ​ភ្លេច​នេះ​ភ្លេច​នោះ​ជា​ញឹកញាប់ និងមិន​អាច​ធ្វើ​ការងារ​អ្វី​មួយ​បាន​ល្អ។ យ៉ាងណាក៏ដោយ មាន​វិធី​ងាយៗ​មួយ​ចំនួន​​អាច​ពង្រឹង​ការ​ផ្ដោតអារម្មណ៍ ឬ​ការ​ចងចាំ​ឲ្យ​ប្រសើរ​ជាង​មុន​ បើ​ទោះ​បី​ជា​ប្រឈម​នឹង​ការងារ​ស្មុគស្មាញ ឬ តានតឹង​យ៉ាងណា​ក្តី។ ខាង​ក្រោម​នេះ មាន​វិធី ៣យ៉ាងដែលយើងអាចសាកល្បង ហើយ​វា​មិន​ចំណាយ​ច្រើន​នោះ​ទេ៖ ១) ការ​ចំណាយ​ពេលវេលា​ជាមួយ​នឹង​ធម្មជាតិ ពង្រឹង​ការ​ចងចាំ សាកលវិទ្យាល័យ Michigan របស់​សហរដ្ឋអាមេរិក បាន​ធ្វើការ​ស្រាវជ្រាវ ដោយ​ចែក​មនុស្សជា​ពីរ​ក្រុម​ដែល​មាន​ការ​ចង់​ចាំ​ប្រហាក់​ប្រហែល​គ្នា។ ​ក្រុម​ទីមួយ​ ​ធ្វើ​ដំណើរ​ឆ្លង​កាត់​តំបន់​ធម្មជាតិ និង មួយ​ក្រុម​ទៀត​ធ្វើដំណើរ​ឆ្លងកាត់​តាម​ផ្លូវ​ធម្មតា។ យោង​តាម​ការស្រាវជ្រាវ​នេះ​បង្ហាញ​ថា ក្រុម​មនុស្ស​ដែល​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​តំបន់​ធម្មជាតិ​ជា​ប្រចាំ​នោះ ការ​ចងចាំ​មាន​ការ​កើន​ឡើង​រហូត​ដល់ ២០ ភាគរយ។ ចំណែកក្រុមទី២ ដែល​ដើរ​ឆ្លង​ផ្លូវ​ទីក្រុង​ធម្មតា​នោះ មិន​មាន​អ្វី​ប្រសើរ​ទេ។ ២) ការ​រស់នៅ​ក្នុង​មជ្ឈដ្ឋាន​ធម្មជាតិ​អាច​ពង្រឹង​ថាមពល​ខួរក្បាល តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា ខួរក្បាល​របស់​អ្នក​ចុះ​អន់​ខ្សោយ​ដែរ​ឬ​ទេ? ដើម្បី​អាច​ឲ្យ​ខួរក្បាល​របស់​យើង រក្សា​នូវ​ថាមពល​ក្នុង​ការ​គិត និង ពង្រឹង​វា​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​មុន​នោះ អ្នក​វិទ្យាសាស្ត្រ​បាន​ណែនាំ​ឲ្យ​ជ្រើសរើស​ការ​រស់​នៅ​ក្នុង​មជ្ឈដ្ឋាន​ធម្មជាតិ ដូចជា ទម្លាប់​មើល​សម្រស់​ធម្មជាតិ​ពី​តាម​បង្អួច​ជាដើម។ ការស្រាវជ្រាវ​បង្ហាញ​ទៀត​ថា សម្រស់​ធម្មជាតិ​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ក្នុង​ការ​រក្សា​ភាព​ស្រស់ស្រាយ​របស់​មនុស្ស ហើយ​វា​ពិត​ជា​ជួយ​ពង្រឹង​ដល់​ថាមពល​នៃ​ការ​គិត​ឲ្យ​កាន់​តែ​ប្រសើរ។ ៣) ទម្លាប់​ដើរ​កម្សាន្ត​ខាងក្រៅ​អាច​ពង្រឹង​ការ​ផ្ចង់​អារម្មណ៍​របស់​មនុស្ស បើ​តាម​ការ​ស្រាវជ្រាវ​ថា មនុស្ស​ដែល​មាន​ភាព​ស្មុគស្មាញ​ជាមួយ​នឹង​ការងារ ហើយ​អាច​ឆ្លៀត​ពេល​ដើរ​កម្សាន្ត​ខាង​ក្រៅ​ខ្លះ គឺ​ប្រសើរ​ជាង មនុស្ស​ដែល​មាន​ភាព​ស្មុគស្មាញ​ជា​មួយ​នឹង​ការងារ​ហើយ​សំរាក​នៅផ្ទះ។ ការ​ទុក​ពេល​ខ្លះ​ ដើម្បី​ដើរ​កម្សាន្ត​ខាងក្រៅ នឹង​ជួយ​ឲ្យ​ភាព​តាន​តឹង​របស់​មនុស្ស​មាន​ការ​ធូរ​ស្បើយ ហើយ​អាច​ឲ្យ​គេ​រក្សា​ការ​ផ្ចង់​អារម្មណ៍​លើ​ការងារ​ឡើងវិញ ក្រោយ​ពី​ប្រឈម​ភាព​ស្មុគស្មាញ៕ ប្រភព៖ Thebnews

0 comments:

Post a Comment

Copyright © 2016 Khmereads | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top