វឌ្ឍនាកា៖ Gbenga ជាដៃគូប្រយុទ្ធដែលយល់ចិត្តគ្នាបំផុតរបស់ខ្ញុំ
ចុះផ្សាយនៅថ្ងៃ ព្រហស្បតិ៍, 21 មករា 2016 07:00 AM
ចាន់ វឌ្ឍនាកា និង Gbenga Sameul Ajayi អាចនិយាយបានថា គឺជាដៃគូប្រយុទ្ធដ៏គ្រោះថ្នាក់បំផុតនៅកម្ពុជា។ ជាក់ស្ដែងរាល់លើកដែលពួកគេទាំងពីរស្ថិតនៅលើទីលានជាមួយគ្នា គ្រាប់បាល់តែងតែកើតមានសឹងមិនលស់ពេល។
ពេល Cambodia All Stars ផ្ដួល Muangthong United ៤-៣នៅថ្ងៃសៅរ៍ទី១៦ខែមករាឆ្នាំ២០១៦ វឌ្ឍនាកា រកគ្រាប់បញ្ចូលទីបាន២គ្រាប់បន្ទាប់ពីលោក ប្រាក់ សុវណ្ណារ៉ា ប្ដូរ Gbenga ចូលក្នុងតង់ទី២ ពោលគឺ Gbenga ជាអ្នកបញ្ជូនឱ្យទាំងពីរ ស្របពេល វឌ្ឍនាកា យល់ចិត្ត Gbenga យ៉ាងច្បាស់ថាគួរធ្វើចលនាទៅរង់ចាំកន្លែងណា។
- See more at: http://keiladaily.com/?page=detail&ctype=news&id=1116&lg=kh#sthash.vTkn1dFr.dpuf
កាលប្រកួត Mekong Club Championship 2015 លើកទី១ទល់នឹង Lao Toyota នៅវៀងចន្ទន៍ ក្រុមបឹងកេតអង្គរ មិនទាន់រកគ្រាប់បាល់បានឡើយពេល Gbenga នៅលើទីលានដោយគ្មាន វឌ្ឍនាកា ដែលកំពុងអង្គុយកៅអីបម្រុង។ តែបន្ទាប់ពីប្ដូរឱ្យចូលលេងភ្លាម ចង្វាក់ប្រយុទ្ធរបស់បឹងកេត ប្រែជាស្រួចស្រាល់ ហើយបន្តិចក្រោយមក ខ្សែប្រយុទ្ធវ័យ២១ឆ្នាំរូបនេះក៏បំប៉ោងសំណាញ់ទីជើងឯកឡាវ បានសម្រេច បន្ទាប់ពីទទួលបាល់បញ្ជូនពី Gbenga មុនញាក់ដាច់អ្នកចាំទីស៊ុតចូលគ្រាប់ទី២យ៉ាងប៉ិនប្រសប់។ ប្រកួតទី២ទល់នឹង Yangon United ម្ចាស់ស្បែកជើងមាសលីគកំពូលកម្ពុជា ស៊ុតមិនចូលទេ តែខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ា Gbenga ស៊ុតចូល២គ្រាប់។ យ៉ាងណាក្ដី ការប្រកួតទី៣ទល់នឹងជើងឯកលីគកំពូលវៀតណាម Becamex Binh Duong ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ វឌ្ឍនាកា បង្កភាពស្រឡាំងកាំងដល់អ្នកគាំទ្រវៀតណាមនិយាយដោយឡែក និងមជ្ឍដ្ឋានបាល់ទាត់តំបន់អាស៊ានទាំងមូលនិយាយជារួម នៅពេលកីឡាករជំនាញជើងឆ្វេងរូបនេះធ្វើបានហ៊ែតទ្រីកយ៉ាងគួរឱ្យចងចាំ ជាពិសេសការស៊ុតវ៉ុលឡេគ្រាប់ទី៣ដែលបញ្ជូនឱ្យដោយ Gbenga ជាថ្មីម្ដងទៀត។
នៅក្នុងចំណោមគ្រាប់បាល់ទាំង៣៧របស់ វឌ្ឍនាកា ក្នុងលីគកំពូលកម្ពុជាឆ្នាំ២០១៥ ភាគច្រើនកើតឡើងតាមរយៈការលេងយ៉ាងយល់ចិត្តគ្នាច្បាស់រវាងរូបគេជាមួយ អតីតសមាជិកក្លិបលីគកំពូលថៃ Bangkok Glass, Chonburi និង Samut Songkhram វ័យ៣១ឆ្នាំ។
នៅពេលសួរថាតើ Gbenga គឺជាដៃគូដ៏យល់ចិត្តគ្នាបំផុតមែនឬទេ? ម្ចាស់ពានរង្វាន់កីឡាករលេងបានល្អជាងគេ (Most Valuable Player) ប្រចាំពាន Mekong Club Championship និងខេមបូឌានលីគឆ្នាំ២០១៥ វឌ្ឍនាកា តបថា៖ “បាទ! មែនហើយ។ នៅពេល Gbenga លេងជាមួយខ្ញុំ ធ្វើឱ្យការលេងរបស់ខ្ញុំកាន់តែងាយស្រួល ព្រោះយើងយល់ចិត្តគ្នាច្បាស់ថាគួរធ្វើចលនាបែបណានៅពេលខ្ញុំមានបាល់ និងហើយធ្វើបែបណានៅពេលគាត់មានបាល់។ ពួកយើងដឹងចិត្តគ្នាជាមុនថាបាល់នឹងធ្វើទិសដៅទៅខាងណានៅពេលបន្ទាប់ ធ្វើឱ្យឱកាសរកគ្រាប់បាល់សម្រាប់ក្រុមមានប្រសិទ្ធភាពខ្ពស់”។
- See more at: http://keiladaily.com/?page=detail&ctype=news&id=1116&lg=kh#sthash.vTkn1dFr.dpuf
ដោយសារភាពល្បីរន្ទឺទាំងក្នុងប្រទេសនិងក្រៅប្រទេស តាមរយៈទេពកោសល្យស៊ុតបញ្ចូលទី វឌ្ឍនាកា ត្រូវបានក្រុមហ៊ុនទូរគមនាគមន៍ SEATEL តែងតាំងជាទូតសុឆន្ទៈដែលមានតម្លៃខ្លួនខ្ពស់ជាងគេបង្អស់ក្នុងចំណោមកីឡាករបាល់ទាត់កម្ពុជា ពោលគឺ២៥០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ រួមជាមួយការផ្ដល់អត្ថប្រយោជន៍បន្ថែមមួយចំនួនទៀត៕
0 comments:
Post a Comment