ចាន់ វឌ្ឍនាកា និង Gbenga Sameul Ajayi អាចនិយាយបានថា គឺជាដៃគូប្រយុទ្ធដ៏គ្រោះថ្នាក់បំផុតនៅកម្ពុជា។ ជាក់ស្ដែងរាល់លើកដែលពួកគេទាំងពីរស្ថិតនៅលើទីលានជាមួយគ្នា គ្រាប់បាល់តែងតែកើតមានសឹងមិនលស់ពេល។ ពេល Cambodia All Stars ផ្ដួល Muangthong United ៤-៣នៅថ្ងៃសៅរ៍ទី១៦ខែមករាឆ្នាំ២០១៦ វឌ្ឍនាកា រកគ្រាប់បញ្ចូលទីបាន២គ្រាប់បន្ទាប់ពីលោក ប្រាក់ សុវណ្ណារ៉ា ប្ដូរ Gbenga ចូលក្នុងតង់ទី២ ពោលគឺ Gbenga ជាអ្នកបញ្ជូនឱ្យទាំងពីរ ស្របពេល វឌ្ឍនាកា យល់ចិត្ត Gbenga យ៉ាងច្បាស់ថាគួរធ្វើចលនាទៅរង់ចាំកន្លែងណា។
កាលប្រកួត Mekong Club Championship 2015 លើកទី១ទល់នឹង Lao Toyota នៅវៀងចន្ទន៍ ក្រុមបឹងកេតអង្គរ មិនទាន់រកគ្រាប់បាល់បានឡើយពេល Gbenga នៅលើទីលានដោយគ្មាន វឌ្ឍនាកា ដែលកំពុងអង្គុយកៅអីបម្រុង។ តែបន្ទាប់ពីប្ដូរឱ្យចូលលេងភ្លាម ចង្វាក់ប្រយុទ្ធរបស់បឹងកេត ប្រែជាស្រួចស្រាល់ ហើយបន្តិចក្រោយមក ខ្សែប្រយុទ្ធវ័យ២១ឆ្នាំរូបនេះក៏បំប៉ោងសំណាញ់ទីជើងឯកឡាវ បានសម្រេច បន្ទាប់ពីទទួលបាល់បញ្ជូនពី Gbenga មុនញាក់ដាច់អ្នកចាំទីស៊ុតចូលគ្រាប់ទី២យ៉ាងប៉ិនប្រសប់។ ប្រកួតទី២ទល់នឹង Yangon United ម្ចាស់ស្បែកជើងមាសលីគកំពូលកម្ពុជា ស៊ុតមិនចូលទេ តែខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ា Gbenga ស៊ុតចូល២គ្រាប់។ យ៉ាងណាក្ដី ការប្រកួតទី៣ទល់នឹងជើងឯកលីគកំពូលវៀតណាម Becamex Binh Duong ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ វឌ្ឍនាកា បង្កភាពស្រឡាំងកាំងដល់អ្នកគាំទ្រវៀតណាមនិយាយដោយឡែក និងមជ្ឍដ្ឋានបាល់ទាត់តំបន់អាស៊ានទាំងមូលនិយាយជារួម នៅពេលកីឡាករជំនាញជើងឆ្វេងរូបនេះធ្វើបានហ៊ែតទ្រីកយ៉ាងគួរឱ្យចងចាំ ជាពិសេសការស៊ុតវ៉ុលឡេគ្រាប់ទី៣ដែលបញ្ជូនឱ្យដោយ Gbenga ជាថ្មីម្ដងទៀត។
នៅក្នុងចំណោមគ្រាប់បាល់ទាំង៣៧របស់ វឌ្ឍនាកា ក្នុងលីគកំពូលកម្ពុជាឆ្នាំ២០១៥ ភាគច្រើនកើតឡើងតាមរយៈការលេងយ៉ាងយល់ចិត្តគ្នាច្បាស់រវាងរូបគេជាមួយ អតីតសមាជិកក្លិបលីគកំពូលថៃ Bangkok Glass, Chonburi និង Samut Songkhram វ័យ៣១ឆ្នាំ។
នៅពេលសួរថាតើ Gbenga គឺជាដៃគូដ៏យល់ចិត្តគ្នាបំផុតមែនឬទេ? ម្ចាស់ពានរង្វាន់កីឡាករលេងបានល្អជាងគេ (Most Valuable Player) ប្រចាំពាន Mekong Club Championship និងខេមបូឌានលីគឆ្នាំ២០១៥ វឌ្ឍនាកា តបថា៖ “បាទ! មែនហើយ។ នៅពេល Gbenga លេងជាមួយខ្ញុំ ធ្វើឱ្យការលេងរបស់ខ្ញុំកាន់តែងាយស្រួល ព្រោះយើងយល់ចិត្តគ្នាច្បាស់ថាគួរធ្វើចលនាបែបណានៅពេលខ្ញុំមានបាល់ និងហើយធ្វើបែបណានៅពេលគាត់មានបាល់។ ពួកយើងដឹងចិត្តគ្នាជាមុនថាបាល់នឹងធ្វើទិសដៅទៅខាងណានៅពេលបន្ទាប់ ធ្វើឱ្យឱកាសរកគ្រាប់បាល់សម្រាប់ក្រុមមានប្រសិទ្ធភាពខ្ពស់”។
0 comments:
Post a Comment