Wednesday, January 20, 2016

ព្រឹត្តិការ​អន្តរជាតិ​ក្ដៅៗ​​ប្រចាំ​ថ្ងៃ​ដែល​កើត​មាន​ឡើង​នៅ​ជុំវិញ​ពិភពលោក​សម្រាប់​ថ្ងៃ ២០ មករា

១) ក្រុម​រដ្ឋ​ឥស្លាម ISIS បាន​ដោះ​លែង​មនុស្ស ២៧០ ក្នុង​ចំណោម​មនុស្ស​ប្រមាណ​ជា ៤០០ នាក់​ដែល​ជា​ជន​ស៊ីវិល​ភាគ​ច្រើន​ជា​ស្ត្រី​និង​កុមារ​ ដែល​ក្រុម​នេះ​បាន​ចាប់​ពង្រត់​កាល​ពី​ចុង​សប្ដាហ៍​មុន នៅ​ពេល​ដែល​សមាជិក​ក្រុម​សកម្ម​ប្រយុទ្ធ​របស់​ខ្លួន វាយ​ដណ្ដើម​បាន​តំបន់ Deir al-Zor ដែល​កាន់​កាប់​ដោយ​រដ្ឋាភិបាល​ស៊ីរី​។ ២) ក្រុម​ហ៊ុន Apple អាច​នឹង​កំពុង​ធ្វើតេស្ត​សាកល្បង​នូវ​បច្ចេកវិទ្យា​មួយ​មាន​ឈ្មោះ​ថា Li-Fi ដែល​មាន​សមត្ថភាព​ប្រតិបត្តិការ​លឿន​ជាង Wi-Fi ដល់​ទៅ​ ១០០ ដង។ ប៉ុន្តែ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ថា​ក្រុមហ៊ុន​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​ដោយ​របៀប​ណា ឬ វា​ប្រើ​តែ​សម្រាប់​ជំនាន់ iPhone 7។ ៣) ចក្រភព​អង់គ្លេស អាច​នឹង​ចេញ​ច្បាប់​ឆាប់ៗ​ដើម្បី​កំណត់​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​នៅ​ក្នុង​ប្រទេស​​បង់​ប្រាក់​ពន្ធ​ចំនួន ១ ០០០ ផោន​ក្នុង​មួយ​ឆ្នាំ​ ឬ ស្មើ​នឹង ១៤០០ ដុល្លារ​ សម្រាប់​ការ​ជួល​កម្មករ​ជំនាញ​មក​ពី​តំបន់​សហភាព​អឺរ៉ុប។ ៤) មាន​ការ​ព្រួយ​បារម្ភ​ដ៏​ខ្លាំង​មួយ​ថា​មេ​ជួញ​ដូរ​ថ្នាំ​ញៀន​ដ៏​គ្រោះ​ថ្នាក់​ជាង​គេ​លើ​ពិភពលោក Joaquin El Chapo Guzman អាច​នឹង​រត់​ចេញ​ពី​គុក​រួច​ទៀត​ជា​លើក​ទី ៣ ប៉ុន្តែ​អាជ្ញាធរ​ ប្រទេស ម៉ិកស៊ីកូ បាន​បង្កើន​កម្លាំង​សន្តិសុខ​យាម​ នៅ​ក្នុង​គុក និង នៅ​យាម​មុខ​បន្ទប់​ឃុំឃាំង ២៤ ម៉ោង​លើ​២៤ ម៉ោង។ ៥) ក្រុម​រដ្ឋ​ឥស្លាម​បាន​បញ្ជាក់​ជា​ផ្លូវ​ការ​ហើយ​ថា ជន​ដៃដល់ ដែល​កាត់​ក្បាល​ចំណាប់​ខ្មាំង​លោក​ខាង​លិច​មិន​ញញើត​ដៃ​ឈ្មោះ Jihadi John ដែល​លេច​មុខ​ក្នុង​ខ្សែ​វីដេអូ​កាត់​ក្បាល​មនុស្ស​ច្រើន​ជាង​គេ​ របស់​ក្រុម​រដ្ឋ​ឥស្លាម​បាន​បាត់​បង់​ជីវិត​ហើយ។ ៦) ក្រុម​សកម្ម​ប្រយុទ្ធ​មួយ​ក្រុម​បាន​បើក​ការ​វាយប្រហារ​មួយ​ទៅ​លើ​សាកលវិទ្យាល័យ​មួយ​កន្លែង​នៅ​ភាគ​ខាង​ជើង​ប្រទេស​ប៉ាគីស្ថាន​នៅ​ថ្ងៃ​ពុធ​នេះ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ១៩ នាក់ ហើយ​មនុស្ស​ច្រើន​ជាង ១២ នាក់​បាន​រង​របួស​។

0 comments:

Post a Comment

Copyright © 2016 Khmereads | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top