Wednesday, January 20, 2016

៣០ ប្រការ​ជួយ​ថែរក្សា​សម្រស់​ស្ត្រី​កាន់​​តែ​​ផូ​ផង់​

ស្ត្រី​គ្រប់រូប​ចាំបាច់​ណាស់​ត្រូវតែ​ដឹង​ពី​វិធី​ថែ​សម្រស់​ឱ្យបាន​ច្រើនយ៉ាង ដើម្បី​សម្រប​ទៅតាម​បម្រែបម្រួល​វ័យ​របស់ខ្លួន ។ ខាងក្រោម​នេះ គឺជា គន្លឹះ​សង្ខេប​មួយចំនួន​ជា​ទុន​សម្រាប់​ស្ត្រី​ក្នុង​ការថែទាំ​សម្ផស្ស​ឱ្យនៅ​ផូរផង់ និង​មិន​ងាយ​ចាស់​តាម​អាយុ ។​ ១). កុំ​ភ្លេច​លាងមុខ​ឱ្យ​ស្អាត​មុននឹង​ចូល​គេង ដើម្បី​សម្អាត​រន្ធ​ញើស និង​មិន​បង្ក​ជា​បុព្វហេតុ​នៃ​បញ្ហា​ស្បែក​នានា ។​ ២). ជា​រៀងរាល់ថ្ងៃ​ត្រូវមាន​ទម្លាប់ លាងមុខ ប្រើ​ថូ​ន័​រ និង​ម័ស​ឈឺ​រ៉ា​យ​សឺ ២ ដង​ក្នុង​មួយថ្ងៃ (​ព្រឹក​ម្តង ល្ងាច​ម្តង​) ។​ ៣). កុំ​ភ្លេច​ទុក​ហ្វូ​ម​គ្រើម គ្រី​ម និង​ម៉ា​សមុខ​ក្នុង​ទូរ​ទឹកកក​មុននឹង​ចូល​គេង ។​ ៤). ប្រសិនបើ​ស្បែ​កមុខ​មាន​ពណ៌​សម្បុរ​មិន​ស្មើ​សាច់ គួរប្រើ​ទឹក​ត្រសក់​លាយ​ជាមួយ​ទឹកក្រូច​ឆ្មារ​មក​ជូត​ត្រង់​បរិវេណ​ឡើង​ស្នាម​ខ្មៅៗ ទុកចោល​ប្រមាណ ២០​នាទី មុននឹង​លាងមុខ​ចេញ ។​ ៥). កម្ចាត់​បញ្ហា​រង្វង់​ភ្នែក​ខ្មៅ ដោយ​បិត​ចំណិត​ប៉េងប៉ោះ​លើ​រង្វង់​ភ្នែក​ជា​រៀងរាល់​ព្រឹក ។​ ៦). ប្រើ​ទឹក​ដំឡូងបារាំង​ជា​ឱសថ​ជំនួយ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា ដោយ​លាបទឹក​ដំឡូងបារាំង​លើ​ស្បែក រួច​ទុកចោល​៣០​នាទី ។​ ៧). ជួប​ជាមួយ​អ្នកជំនាញ​ស្បែក​យ៉ាងតិចណាស់ ១ ដង​ក្នុង​មួយខែ ។​ ៨). កុំ​ចាក​ចេញពីផ្ទះ​ដោយ​មិនបាន​លាប​ឡេ​ការពារ​កម្តៅថ្ងៃ ។​ ៩). កុំ​ប្រើ​សាប៊ូដុំ​លាងមុខ​ប្រភេទ​កម្ចាត់​បាក់តេរី តែ​ប្រើ​ហ្វូ​ម​លាងមុខ ឬ ហ្វូ​ម​ប្រភេទ​កម្ចាត់​ខ្លាញ់​ជំនួស​វិញ ព្រោះ​សាប៊ូដុំ​អាចធ្វើឱ្យ​ស្បែក​ស្ងួត ។​ ១០). លាយ​ម្សៅ​ស្រូវ​អូត​ជាមួយ​ទឹក​ក្តៅ​ឧណ្ហ​សម្រាប់​លាង​លើ​រាងកាយ ឬ​មុខ ទុកចោល ២០​នាទី រួច​សឹម​លាង​ចេញ​ដោយ​ប្រើ​សាប៊ូ​ស្រាល ។ វិធី​នេះ គឺ​ដើម្បី ជួយ​ឱ្យ​ស្បែក​ម៉ដ្ឋ​រលោង និង​តឹង​ណែន ។​ ១១). កក់សក់​ដោយ​ប្រើ​ទឹក​ក្តៅ​ឧណ្ហៗ ឬ​ទឹក​ត្រជាក់ ។​ ១២). គួរ​លាប​គ្រី​ម​ផ្តល់​សំណើម​ដល់​ស្បែក​បន្ទាប់ពី​ងូតទឹក​រួច​ភ្លាម ទើប​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់ ។​ ១៣). កិន​ស្ត្រ​ប៊ឺ​រី​សម្រាប់​ធ្វើឱ្យ​ធ្មេញ​ស ។​ ១៤). គួរ​ខាត់​ស្បែ​កមុខ ១ ទៅ ២​ដង​ក្នុង​មួយ​សប្តាហ៍ ដើម្បី​ជម្រុះ​ចោល​កោសិកា​ចាស់ៗ និង​ថែរក្សា​ស្បែក​ឱ្យ​ភ្លឺ​ថ្លា​ឡើងវិញ​។​ ១៥). ទទួលទាន​អាហារ​ប្រភេទ​បន្លែ​ផ្លែឈើ​ចម្រុះ​ពណ៌ ដើម្បី​កម្ចាត់​ជាតិពុល​ចេញពី​រាងកាយ ។​ ១៦). ប្រើ​ម្សៅ​រមៀត​លាយ​ជាមួយ​ម្សៅសណ្តែក​(besan) និង​ទឹកដោះគោ​ជូរ សម្រាប់​លាប ឬ ខាត់​លើ​ស្បែក​ឱ្យ​ស្បែក​ភ្លឺ​ថ្លា​សាច់​ចាំ ។​ ១៧). លាប​ប៊ឺ​ថ្លា​លើ​បបូរមាត់ មុននឹង​ចូល​គេង​ដើម្បីឱ្យ​បបូរមាត់​ឡើង​ពណ៌​ផ្កាឈូក និង​ទន់​រលោង​ដូច​ទារក ។​ ១៨). ខាត់​បបូរមាត់​ដោល​លាប​ជែ​ល​Vaseline ហើយ​ប្រើ​ច្រាស​ដុសធ្មេញ​ដុស​ថ្នមៗ ។​ ១៩). ប្រើ​ដៃ​ខ្មៅ​គូរ​ភ្នែក​ពណ៌​ស​គូស​រង្វង់​ភ្នែក នោះ​ភ្នែក​នឹង​មើលទៅ​ថ្លា និង​ស្រស់ស្រាយ​ជាង​ធម្មតា ។​ ២០). ប្រើ​គ្រី​ម​ត្រជាក់​សម្រាប់​ជូត​គ្រឿងសម្អាង​ចេញពី​ផ្ទៃមុខ ជាពិសេស​សម្រាប់​អ្នកមាន​ស្បែក​ស្ងួត ។​ ២១). កោរ​រោមជើង​បន្ទាប់ពី​ងូតទឹក​រួច ព្រោះ​វិធី​នេះ​អាចជួយ​ការពារ​កុំឱ្យ​មាន​រោម​ដុះ​ក្រោម​ស្បែក ។​ ២២). កុំ​ប្រើ​ផលិតផល​មាន​ជាតិ​អាល់កុល​លើ​ស្បែក​ខ្លួន និង​ស្បែ​កមុខ ប្រសិនបើ​អ្នកមាន​ស្បែក​ប្រភេទ​ខ្លាញ់ ។​ ២៣). សម្រាប់​នារី​អាស៊ាន គួរប្រើ​ខ្មៅ​ដៃគូរ​ភ្នែក​ពណ៌​សូកូឡា​សម្រាប់​គូស​ចិញ្ចើម ជាជាង​ប្រើ​ពណ៌​ខ្មៅ ព្រោះ​ពណ៌​នេះ​ជួយ​ឱ្យ​រង្វង់​ភ្នែក​ពន្លេច​ចេញ​នូវ​សម្រស់​ធម្មជាតិ និង​ស្រទន់ ។​ ២៤). លាប​ម៉ា​ស្កា​រ៉ា​ទាំង​លើ​រោមភ្នែក​ខាងក្រោម និង​ខាងលើ ដើម្បីឱ្យ​ភ្នែក​មើលទៅ​ធំ​ស្អាត ។​ ២៥). ដើម្បី​រក្សា​គ្រឿងសម្អាង​ឱ្យ​ជាប់​បានយូរ គួរ​ម៉ាស្សា​មុខ​ដោយ​ប្រើ​ដុំ​ទឹកកក​តូចៗ មុននឹង​លាបមុខ ។​ ២៦). ប្រសិនបើ​អ្នកមាន​ប្រភេទ​ស្បែក​ធម្មតា គួរ​ជ្រើសរើស​ប្រើ​ផលិតផល​ដែលមាន​គ្រឿងផ្សំ​ពី​អាស៊ីត​អាល់​ហ្វា​អ៊ី​ដ្រូ​ស៊ី​ល (Alpha Hydroxyl Acid) ។​ ២៧). បំបាត់​ស្នាម​ខ្មៅ​លើ​កែងដៃ​ដោយ​យក​ចំណិត​ក្រូចឆ្មារ​ត្រដុស​មុននឹង​ងូតទឹក ។​ ២៨). ទទួលទាន​ថ្នាំ​បំប៉ន​សុខភាព ដែលមាន​ជាតិ​រ៉ែ​សំខាន់ គឺ​ស័ង្កសី ដែក និង​ប៊ី​យ៉ូ​ទីន (Briotin) ។​ ២៩). លាប​ស៊ុត​ស​លើ​ផ្ទៃមុខ ម៉ាស្សា​ប្រមាណ ២​នាទី ហើយ​ទុកចោល ១៥​នាទី សឹម​លាង​ចេញ​ដោយ​ប្រើ​ទឹក​ក្តៅ​ឧណ្ហៗ ។ គួរ​ធ្វើ​១​ដង​ក្នុង​មួយ​សប្តាហ៍ ដើម្បីឱ្យ​រន្ធ​ញើស​រួម​តូច និង​ស្បែ​កមុខ​ឡើង​តឹង​ណែន ។​ ៣០). ប្រើ​ថ្នាំ​បន្តក់​ភ្នែក​លាប​លើ​គ្រាប់​មុន មុននឹង​ចូល​គេង ។ វិធី​នេះ​អាច​កាត់បន្ថយ​អាការ​ក្រហម និង​រលាក​បាន​មួយកម្រិត ។​ ​និយាយ​រួម​មក គន្លឹះ​ក្នុងការ​ថែរក្សា​សម្រស់​ខាងលើ​ពិតជា​មិនអាច​ធ្វើបាន​គ្រប់​ចំណុច​នោះទេ ដូចនេះ អ្នក​អាច​ជ្រើសរើស​តាម​ចំណូលចិត្ត និង​ភាព​ស័ក្តិសម​នឹង​ពេលវេលា ក៏ដូចជា​ប្រភេទ​ស្បែក​មុខ​ដែល​អ្នក​អាចធ្វើ​ទៅបាន ៕ លក្ខិណា​

0 comments:

Post a Comment

Copyright © 2016 Khmereads | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top